អ្នកគាំទ្រក្លឹបភ្នំពេញក្រោន លោក អឿ សាដាត៖ ក្រុមអាសុីអឺរ៉ុបជាក្រុមមួយកំពុងឡើងជើង ដែលយើងមិនអាចមើលស្រាលបានទេ!

May 25, 2018 - 3:32 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

លោក អឿ សាដាត គឺជាអ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដ៏ស្វិតស្វាញម្នាក់ ហើយលោកតែងតែចំនាយពេលរបស់លោកគាំទ្ររាល់ការប្រកួតទាំងអស់របស់ក្រុមជើងឯក៦សម័យកាលនេះ ។ ខាងក្រោមនេះគឺជាទស្សនៈខ្លះៗរបស់លោកចំពោះក្លឹបនាពេលបច្ចុប្បន្ននេះ៖

សំណួរ៖ តើលោកយល់យ៉ាងណាចំពោះទម្រង់លេងរបស់ក្រុមភ្នំពេញក្រោនសព្វថ្ងៃនេះ?

សាដាត៖ ចំពោះទម្រង់លេងរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ខ្ញុំមើលឃើញថា ប៉ុន្មានប្រកួតចុងក្រោយនេះមានភាពល្អជាងមុន កីឡាករលេងមានការយល់ចិត្តគ្នាច្រើន ទាំងកីឡាករខ្មែរ និងបរទេស ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញនោះ គឺកាបញ្ចប់ទីរបស់ខ្សែប្រយុទ្ធនៅមានកម្រិតនៅឡើយ ។ មួយវិញទៀតគ្រូបង្វឹកក៏បានមានការរៀបចំល្អឡើងវិញ ដោយដាក់កីឡាករ លេងត្រូវតាមតំបន់របស់ពួកគេ ជាក់ស្តែងដូចជាការប្រកួតជាមួយប៉ូលីសកាលពីសប្តាហ៍មុន គឺយើងលេងមានការយល់ចិត្តគ្នាច្រើន ។

 

សំណួរ៖ តើលោកយល់ឃើញយ៉ាងណាចំពោះការប្រកួតជាមួយអាសុីអឺរ៉ុបសប្តាហ៍នេះ?

សាដាត៖​ ខ្ញុំគិតថា ភ្នំពេញក្រោននឹងឈ្នះការប្រកួតនេះ ប៉ុន្តែការឈ្នះគឺវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់យើង ហើយយើងឃើញថាអាសុីអឺរ៉ុបជាក្រុមមួយដែលកំពុងតែឡើងជើង មានកីឡាករបរទេសដែលល្អ មានការសហការគ្នាជាក្រុម ដូច្នេះយើងមិនអាចមើលស្រាលអាសុីអឺរ៉ុបបាននោះទេ ។ ខ្ញុំក៏សូមសំណូមពរឲ្យប្អូនៗកីឡាករលេងប្រកបដោយឆន្ទះ មានការសហការគ្នា លេងក្នុងស្មារតីជាក្រុម ទើបយើងទទួលបានជោគជ័យ ។

សំណួរ៖ តើលោកមានសារអ្វីចង់និយាយទៅកាន់អ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន ដើម្បីឲ្យពួកគេមកចូលរួមគាំទ្រការប្រកួតក្នុងដីនេះ?

សាដាត៖ ខ្ញុំសូមសំណូមពរឲ្យអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងអស់មានការសាមគ្គីភាពគ្នា យើងមិនត្រូវធ្វើការវាយប្រហារគ្នាព្រោះយើងជាអ្នកគាំទ្រដូចគ្នា ហើយខ្ញុំក៏សូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាធ្វើការរឹះគន់ប្រកបដោយសុជីវធម៌ និងរឹះគន់ក្នុងន័យស្ថាបនាដើម្បីក្លឹបបាល់ទាត់របស់យើង ។ ជាងនេះទៅទៀតចំពោះការប្រកួតខាងមុខនេះសូមឲ្យអ្នកទាំងអស់គ្នាចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករ ព្រោះអ្នកគាំទ្រទាំងអស់គឺជាកីឡាករទី១២ និង ជាកម្លាំងចិត្តដ៏ខ្លាំងក្លារបស់ក្រុម ៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ