រ៉េត កាតាមី៖«យើងនឹងខំឲ្យអស់ពីសមត្ថភាពដើម្បីយក ៣ពិន្ទ»

October 9, 2020 - 10:24 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

«សម្រាប់លទ្ធផលយើងមិនទាន់និយាយបានទេតែយើងនឹងខំឲ្យអស់ពីសមត្ថភាពយក ៣ ពិន្ទុអោយបាន» នេះជាសម្តីខ្សែការពារស្លាបឆ្វេង រ៉េត កាតាមី មុនជំនួបរវាងក្រុមភ្នំពេញក្រោន អាយុក្រោម ២១ឆ្នាំ​ ប៉ះ ISI ដង្កោសែនជ័យ នាថ្ងៃសៅរ៍ស្អែកនេះ។

ការប្រកួតនឹងធ្វើឡើងនៅលើទីលាន KMH Park វេលាម៉ោង ៣រសៀល ខណៈការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរសុទ្ធតែទទួលបានជ័យជម្នះដោយ U21 ភ្នំពេញក្រោន ឈ្នះ ត្បូងឃ្មុំ ៤ទល់០ ខណៈ ISI ឈ្នះ សៀមរាប ១ទល់០។

ខណៈមុនការប្រកួតមកដល់កីឡាករវ័យ ១៧ឆ្នាំរូបនេះក៏បាននិយាយបន្ថែមអំពីការត្រៀមខ្លួនរបស់ក្រុម ទោះបីធ្លាប់ឈ្នះជាមួយលទ្ធផល ២ទល់១ ក្នុងពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ។

«យើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតជាមួយ ISI ទោះយើងធ្លាប់ឈ្នះពួកគេក៍ដោយក៍យើងមិនថ្វីសប្រហែសបានដែរ។ យើងដឹងស្រាប់ហើយថាកីឡាកគេផ្លាស់ប្តូរច្រើនហើយសុទ្ធតែមានបទពិសោធន៍»។

«សម្រាប់ទីលានវិញវាមិនងាយស្រួលទេ មានផលប៉ះពាល់ដល់យើងខ្លះៗដែរ ព្រោះយើងហ្វឹកហាត់តែលើស្មៅធម្មជាតិ តែមិនអីទេវាមិនមែនជាបញ្ហាសម្រាប់យើងទេ»។

«កាលលេងពានយុវជនយើងយល់ពីគ្នាបានច្រើន ហើយពួកយើងខំប្រឹងខ្លាំងណាស់ទើបអាចឈ្នះជើងឯកយុវជននេះមកបាន។ សម្រាប់ពានរង្វាន់ League 2 នេះវិញពួកយើងបានបន្ថែមកីឡាកពីក្រុមធំមកខ្លះ ទោះបីយើងទើបតែបានហ្វឹកហាត់ជាមួយគ្នាពិតមែនតែយើងយល់ពីគ្នាបានលឿនមែនទែន»៕

មតិយោបល់