ភ្នំពេញក្រោន នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីកិច្ចសហការជាមួយក្លឹប Giravanz នាថ្ងៃទី១៨ ខាងមុខនេះ

August 15, 2018 - 2:49 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន ក៏ដូចជាអ្នកសារព័ត៌មានឲ្យបានជ្រាបថា ក្លឹបនឹងចាប់ដៃគូជាផ្លូវការជាមួយក្លឹបបាល់ទាត់ Giravanz Kitakyushu ដែលកំពុងលេងនៅលីគទី៣ របស់ប្រទេសជប៉ុន ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមថ្នាលយុវជនអាយុក្រោម ១៣ឆ្នាំ,​អាយុក្រោម ១៤ឆ្នាំ និងក្រុមអាយុក្រោម ១៥ឆ្នាំ នៅកីឡដ្ឋាន RSN ។ គួរបញ្ជាក់ថា​ ក្លឹបបាល់ទាត់ Giravanz Kitakyushu មានមូលដ្ឋាននៅទីក្រុង Kitakyushu នៃប្រទេសជប៉ុន និងជាទីក្រុងដែលមានចំណងមិត្តភាពជាមួយរាជធានីភ្នំពេញ ហើយចំពោះគោលបំណងនៃការចាប់ដៃគូគ្នានេះគឺដើម្បីបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍គ្នាដើម្បីអភិវឌ្ឍន៍ក្រុមឈុតធំនៃក្រុមទាំងពីរ ក៏ដូចជាបង្កើតកម្មវីធីផ្លាស់ប្តូរបទពិសោធន៍គ្នាទាំងក្រុមយុវជនថ្នាល ក្រុមសហគមន៍ និងក្រុមគ្រូបង្វឹក ព្រមទាំងដើម្បីសហការគ្នាទៅវិញទៅមករួមទាំងការលើកកម្ពស់ និងពង្រីកការផ្លាស់ប្តូរវប្បធម៌សេដ្ឋកិច្ចសម្រាប់ទីក្រុងទាំងពីរដោយក្លឹប GIRAVANZ KITAKYUSHU តំណាងឲ្យទីក្រុង Kitakyushu និងក្លឹបភ្នំពេញក្រោនតំណាងឲ្យទីក្រុងរាជធានីភ្នំពេញផ្ទាល់តែម្តង ។ 

សូមបញ្ជាក់ថា​ កម្មវីធីនេះនឹងត្រូវធ្វើឡើងរយៈពេលបីថ្ងៃនៅកីឡដ្ឋាន RSN ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨ មានដូចជា៖ នៅថ្ងៃទី១៦ វេលាម៉ោង ៣:០០នាទី មានវគ្គធ្វើការសិក្សាក្នុងថ្នាក់ និងនៅម៉ោង ៥:៣០នាទី មានការហ្វឹកហាត់លើទីលាន ចំណែកនៅថ្ងៃទី១៧ វេលាម៉ោង ៥:៣០នាទី នឹងមានការហ្វឹកហាត់លើទីលាន និងចុងក្រោយនៅថ្ងៃទី១៨ វេលាម៉ោង ១០:០០នាទី ការហ្វឹកហាត់លើទីលាន ខណៈដែលនៅម៉ោង ៤:០០នាទី មានការប្រកួតមិត្តភាពរវាងក្រុមយុវជនអាយុក្រោម១៥ឆ្នាំ នៃក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្រុម GFA ។ ចំពោះពិធីចុះហត្ថលេខាក្នុងនាមដៃគូសហការជាផ្លូវការរវាងក្លឹបបាល់ទាត់ទាំងពីរនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ទី១៨ វេលាម៉ោង ៥:០០នាទី ។ អាស្រ័យដូចបានជម្រាបជូននេះ​ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមអញ្ជើញអ្នកសារព័ត៌មានគ្រប់ស្ថាប័នទាំងអស់ចូលរួមទាំងអស់នៅថ្ងៃទី១៨ ខែសីហា វេលាម៉ោង ៥:០០នាទី កុំបីអាក់ខានឡើយ ៕

មតិយោបល់


អត្ថបទផ្សេងៗ