ភ្នំពេញក្រោនទៅប្រកួតនៅថៃដោយអវត្តមានកីឡាករសំខាន់២រូប

January 23, 2020 - 10:47 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខណៈពេលដែលក្រុមកីឡាករឈុតធំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន កំពុងតែធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីត្រៀមប្រកួតពានរង្វាន់ Leo Pre-Season Cup 2020 ជាមួយក្រុមជើងឯកថៃ Chiang Rai United យើងឃើញថាអវត្តមានកីឡាករឆ្នើម២រូបគឺកីឡាករ កុក បូរីស និងកីឡាករ ប្រាក់ ធីវ៉ា ។

ខ្សែការពារដែលទើបតែចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនសារជាថ្មី កុក បូរីស មានបញ្ហារបួសធ្ងន់ ខណៈពេលដែលប្រកួតជាមួយក្រុម Kedah FA ក្នុងពានរង្វាន់ Smart RSN Cup 2020 នាពេលកន្លងមក ។ របួសរបស់បូរីសគឺតម្រូវឲ្យរូបគេខកខានចូលទីលានរយៈពេលមួយខែ ពោលគឺគេអាចចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមសារជាថ្មីនៅដើមខែកុម្ភៈខាងមុខនេះ ។

ចំនែកឯខ្សែប្រយុទ្ធប្រាក់ ធីវ៉ា វិញគឺមានជំងឺអ៊ុតស្វាយ ដែលតម្រូវឲ្យរូបគេត្រូវសម្រាកព្យាបាលនៅផ្ទះឲ្យបានដិតដល់ ហើយរូបគេនឹងអាចត្រលប់ចូលហ្វឹកហាត់ជាមួយក្រុមវិញនៅដើមខែកុម្ភៈ ដូចនឹងកីឡាករកុក បូរីសដែរ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនដល់កីឡាករទាំងពីរឲ្យបានឆាប់ធូរសះស្បើយពីរបួស និងជំងឺ ដើម្បីចូលរួមជាមួយក្រុម ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងពានរង្វាន់លីគកំពូលកម្ពុជាដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ