ភ្នំពេញក្រោន ប្រឈមបញ្ហាលើការប្រើប្រាស់ទីលានហ្វឹកហាត់ត្រៀមពាន Leo Pre Season

January 17, 2019 - 8:49 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅរសៀលនេះក្រុមកីឡាករឈុតធំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើដំណើរទៅដល់ខេត្ត Nakhon Ratchasima របស់ប្រទេសថៃហើយ ដើម្បីត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ Leo Pre-Season Cup 2019 ដែលក្រុមភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Nakhon Ratchasima FC នាថ្ងៃទី១៩ ខែមករា នៅកីឡដ្ឋាន 80th Birthday ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្រោយពីធ្វើដំណើរទៅកាន់តំបន់កូរ៉ាត់ (Korat) ក្រុមកីឡាករដែលដឹកនាំដោយលោកគ្រូបង្វឹក Leonardo មិនត្រូវបានគេអនុញ្ញាតិឲ្យហ្វឹកហាត់ក្នុងទីលាននៃការប្រកួតផ្លូវការនោះទេ ពោលគឺបានត្រឹមធ្វើការហ្វឹតហាត់នៅខាងក្រៅទីលានតែប៉ុណ្ណោះ ។ ជាមួយគ្នានេះ លោកគ្រូបង្វឹកបានលើកឡើងនៅតាមបណ្តាញសង្គមរបស់ខ្លួនថា លោកសង្ឃឹមថាខាងក្លឹបម្ចាស់ផ្ទះនឹងជួយសម្រួលលើបញ្ហានេះ ដោយផ្តល់លទ្ធភាពឲ្យក្រុមកីឡាករភ្នំពេញក្រោនចូលហ្វឹកហាត់លើទីលានប្រកួតឲ្យស្របទៅតាមការកំណត់របស់ AFC ដែលតម្រូវឲ្យហ្វឹកហាត់លើទីលានពិតប្រាកដ ព្រោះនេះជាការប្រកួតលក្ខណៈអន្តរជាតិ ។

គួររំលឹកផងដែរថា ក្រុមកីឡាករក្រុមភ្នំពេញក្រោនបានចាកចេញពីទីក្រុងភ្នំពេញនាវេលាម៉ោង៩ព្រឹកមិញនេះឆ្ពោះទៅកាន់រាជធានីបាងកក ហើយបានបន្តដំណើរទៅដល់ខេត្ត Nakhon Ratchasima តាមរយៈរថយន្តក្រុងនារសៀលនេះដើម្បីត្រៀមប្រកួតនៅថ្ងៃទី១៩ ខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ