អ្នកឧកញ៉ា​កុក អាន រួមជាមួយឧកញ៉ា​លី យ៉ុងផាត់ និងឧកញ៉ា ឬទ្ធី សំណាង បរិច្ចាគជាង ២សែនដុល្លារជូនជនរងគ្រោះនៅខេត្តព្រះសីហនុ

June 24, 2019 - 11:33 AM | អត្ថបទដោយ៖ មករា

ដើម្បីជាការរួមចំណែកជួយសម្រាលការលំបាកចំពោះមុខរបស់ជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារនៅក្រុងព្រះសីហនុកាលពីថ្ងៃទី២២​ ខែមិថុនា ស្របទៅតាមសេចក្តីអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះ ឯកឧត្តមអ្នកឧកញ៉ា​កុក អាន ដែលជាស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោននិងលោកជំទាវព្រមទាំងក្រុមគ្រួសារបរិច្ចាគថវិកាចំនួន ១០មុឺនដុល្លារអាម៉េរិគ,លោកឧកញ៉ា ​លី យ៉ុងផាត់ និងលោកជំទាវព្រមទាំងក្រុមគ្រួសារចំនួន ១០មុឺនដុល្លារអាម៉េរិគ, លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន និងជាអគ្គនាយកក្រុមហ៊ុនសម្អាតក្រុងព្រះសីហនុ KSWM ព្រមទាំងលោកជំទាវ និងក្រុមគ្រួសារចំនួន ១មុឺនដុល្លារអាម៉េរិគ, លោក ផឹង ជីជី ចំនួន ៥ពាន់ដុល្លារអាម៉េរិគ, បុគ្គលិកក្លឹបបាល់ទាត់ភ្នំពេញក្រោនក៏បានចូលរួមចំនួន ១លានរៀលដោយការបរិច្ចាគនេះនឹងផ្តល់ជូនតាមរយ:ឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ។

ទន្ទឹមនឹងនេះដែរ លោកឧកញ៉ា ឬទ្ធី រស្មី រួមជាមួយលោកឧកញ៉ា អ៊ែក ប៉ង ដែលជាអគ្គនាយកសណ្ឋាគារ XIHU Resort និង Nan Hai ក៏បានរួមគ្នាបរិច្ចាគចំនួន ៣០.០០០ ដុល្លារ ស្របពេលដែល លោកឧកញ៉ា លី ហួ និងឧកញ៉ា សៀ ឬទ្ធី ក៏បានចូលរួមចំនួន ២០.០០០ ដុល្លារផងដែរ។

ជាមួយគ្នានេះ សប្បុរសជនទាំងអស់ក៏បានចូលរួមសោកស្តាយ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត សូមបានបដិសន្ធិក្នុងសុគតិភព ក៏ដូចជាសូមជូនពរឱ្យជូនពរជនរងគ្រោះដែលរងរបួសឆាប់បានជាសះស្បើយពីរបួសនិងជៀសផុតពីគ្រោះថ្នាក់នានា ខណ:ដែលប្រតិបត្តិការរុករក និងជួយសង្គ្រោះកំពុងប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់អ្នកជំនាញ និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ថែមទៀត៕

មតិយោបល់


អត្ថបទផ្សេងៗ