កម្មវិធី Football Clinic នៅវិទ្យាល័យសម្តេចឪ បានបញ្ចប់ទៅដោយស្នាមញញឹម

May 20, 2019 - 8:35 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីម្សិលមិញក្រុមគ្រូបង្វឹក កីឡាករ បុគ្គលិក និងក្រុមអ្នកគាំទ្រ (The RED) នៃក្លឹបបាល់ទាត់ភ្នំពេញក្រោនបានរៀបចំកម្មវិធី Football Clinic នៅវិទ្យាល័យសម្តេចឪ ខេត្តសៀមរាប ដោយកម្មវិធីនេះបានប្រព្រឹត្តទៅប្រកបដោយភាពរីករាយ និងជោគជ័យ ។ ស្ថិតក្នុងបរិយាកាសដែលគួរឲ្យរីករាយនេះសិស្សានុសិស្សប្រមាណជាង ១០០នាក់ ដែលសិក្សានៅវិទ្យាល័យសម្តេចឪ បានរៀនសូត្រច្រើនទាក់ទងទៅនឹងការលេងបាល់ទាត់ (ការប៉ះបាល់ ការសហការគ្នាជាក្រុម ការទាត់ទី ការបណ្តើរបាល់) និងការអប់រំលើបញ្ហាបរិស្ថានផងដែរ ។

កម្មវិធីដែលកើតចេញពីកិច្ចសហការជាមួយនឹងក្រុមហ៊ុន Smart Axiata ក៏ដូចជាបណ្តាដៃគូឧបត្ថម្ភដទៃទៀតរបស់ក្លឹបមានគោលបំណងផ្សាព្វផ្សាយពីកីឡាបាល់ទាត់ដល់យុវជនជាពិសេសពីបច្ចេកទេសមូលដ្ឋាននៃការហ្វឹកហាត់ ការប្រកួត ការរៀបចំក្រុម ព្រមទាំងចំណេះដឹងផ្សេងៗទៀតនៃបំនិនជីវិតដើម្បីរួមចំណែកអភិវឌ្ឍន៍ផ្នត់គំនិត និងការពង្រឹងគោលដៅជីវិតសម្រាប់យុវវ័យ ។  ជាមួយគ្នានេះផងដែរ លោកនាយកសាលា ឈិន តៃឈាង បានសម្តែងអារម្មណ៍សប្បាយរីករាយនៃការអញ្ជើញមកដល់របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងសង្ឃឹមថាចំណងមិត្តភាពរវាងសាលានិងក្លឹបកាន់តែមានភាពរឹងមាំបន្ថែមទៀត ហើយក៏មានបំណងចង់បន្តសកម្មភាពបែបនេះជាមួយក្លឹបនាពេលអនាគតផងដែរ ។

សូមបញ្ជាក់ដែរថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចជ្រើសរើសយក វិទ្យាល័យសម្តេចឪ ដោយសារតែសង្កេតឃើញថា វិទ្យាល័យដែលជាស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមនៃព្រះករុណាសម្តេចតា ព្រះបរមរតនកោដ្ឋនេះ បានដើរតួនាទីយ៉ាងសកម្ម និងប្រកបដោយសក្តានុពលក្នុងការកសាងធនធានមនុស្សរាប់ពាន់នាក់បន្ទាប់ពីត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៩៦ មកនោះ ៕

មតិយោបល់


អត្ថបទផ្សេងៗ