ក្រុមថ្នាលយុវជន

April 2, 2018 - 1:54 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចាប់ផ្តើមទំព័រប្រវត្តិសាស្រ្តថ្មីមួយនាខែកុម្ភៈ ឆ្នាំ២០១១ ក្នុងការបង្កើតក្រុមថ្នាលយុវជនរបស់ខ្លួន បន្ទាប់ពីបានធ្វើតេស្តសមត្ថភាពលើយុវជនដែលមានអាយុក្រោម ១៣ឆ្នាំ នៅខេត្តចំនួន ១៧ទូទាំងប្រទេសកម្ពុជា ។ ដោយសារតែក្លឹបមានទស្សនវិស័យច្បាស់លាស់លើការអភិវឌ្ឍវិស័យបាល់ទាត់របស់កម្ពុជា ទើបថ្នាក់ដឹកនាំក្លឹបបានបង្កើតឲ្យមានក្រុមថ្នាលយុវជននេះ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាក្លឹបដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានយកចិត្តទុកដាក់ ក៏ដូចជាផ្តល់ឱកាសដល់យុវជនគ្រប់បណ្តាលខេត្តក្រុង មកចូលរួមធ្វើតេស្តសមត្ថភាពជាមួយក្លឹប ។ លើសពីនេះទៅទៀតក្លឹបបានផ្តល់ជូនឲ្យពួកគេ ទាំងការហ្វឹកហាត់ ការអប់រំលើចំណេះដឹងទូទៅ និងផ្តល់ទីកន្លែងសម្រាប់ស្នាក់នៅដល់ពួកគេផងដែរ ។ គោលបំណងរបស់លោកឧញ៉ា ឬទ្ធី សំណាង ដែលជាម្ចាស់ក្លឹប គឺការអភិវឌ្ឍន៍ធនធានកីឡាករក្មេងៗ ដែលមានទេពកោសល្យលើវិស័យបាលទាត់ ទាំងផ្នែកបច្ចេកទេស និងវិន័យ ដើម្បីក្លាយជាកីឡាករតំណាងក្លឹបក៏ដូចជាតំណាងប្រទេសជាតិផងដែរ ។ ដោយសារតែមានការចូលរួមពីយុវជន ដែលមកពីគ្រប់ទិសទីលើសពីការរំពឹងទុកក្នុងឆ្នាំដំបូង ក្លឹបបានសហការជាមួយ Asia Pacific Football Academy (APFA) បង្កើតកម្មវិធីសិក្សាមួយ ដើម្បីផ្តល់ឱកាសឲ្យកីឡាករបានសិក្សារៀនសូត្រច្បាស់លាស់ ពោលគឺសង្កត់ធ្ងន់លើមូលដ្ឋានគ្រឹះនៃកីឡាបាល់ទាត់នេះ ។ ដើម្បីធ្វើការពង្រឹងយុវជនទាំងនោះ ក្លឹបបានបញ្ជូនយុវជនរបស់ខ្លួនទៅចូលរួមប្រកួត ក៏ដូចជាហ្វឹកហាត់ទៅតាមប្រទេសផ្សេងៗក្នុងតំបន់រួមមាន ប្រទេសសិង្ហបុរី ក្នុងព្រឹត្តិការណ៍ Singapore Sixes youth tournament ចូលរួមប្រកួតមិត្តភាពជាមួយកីឡាករប្រទេសវៀតណាម  និង ប្រទេសម៉ាឡេសុី ។ នៅចុងឆ្នាំ ២០១១ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានរៀបចំការប្រកួត First State Gold Investment Cup ដែលជាលទ្ធផលក្រុមយុវជនរបស់យើងបានលើកពានរង្វាន់នោះ ។ ចំពោះការប្រកួតប្រជែងក្នុងស្រុកនៅខែឧសភា ឆ្នាំ ២០១១ ក្រុមយុវជនអាយុក្រោម ១៣ឆ្នាំរបស់យើង បានឈ្នះពានរង្វាន់ក្នុងព្រឹត្តិការណ៍ Barclays Capital Indochina Starfish ហើយបន្តមកឆ្នាំ ២០១២ ខែមិនា ក្រុមអាយុក្រោម ១៤ឆ្នាំរបស់យើងបានឈ្នះពានរង្វាន់ U-14 Championship ជាថ្មីម្តងទៀតដោយបំបែកកំណត់ត្រាថ្មីមួយ គឺមិនដែលស្គាល់ពាក្យថាចាញ់ក្នុងការប្រកួតទាំង ១២លើក និង សុតបញ្ចូលទីគូប្រកួតចំនួន ១២៧គ្រាប់ក្នុងមួយព្រឹត្តិការណ៍ ។   ក្នុងឆ្នាំ ២០១២ យុវជនអាយុក្រោម ១៤ឆ្នាំ ចំនួន ១៧នាក់របស់យើងត្រូវបានជ្រើសរើសតំណាងឲ្យប្រទេសកម្ពុជាជាលើកដំបូង ចូលរួមក្នុងព្រឹត្តិការណ៍ AFC U-14 Festival of Football នៅប្រទេសម៉ាឡេសុី ។ នៅដើមឆ្នាំ ២០១៣ ប្រទេសកម្ពុជាបានរៀបចំកម្មវិធីបាល់ទាត់មួយដែលមានឈ្មោះថា Cambodia Football Development League ចំពោះគោលបំណងចំបងរបស់សហព័ន្ធក្នុងការបង្កើតព្រឹត្តិការណ៍នេះគឺ  ផ្តោតទៅលើការអភិវឌ្ឍយុវជននៅតាមក្លឹបបាល់ទាត់នីមួយៗ ហើយកីឡាករដែលចូលរួមមានការបែងចែកជាបីកម្រិត ពោលគឺកម្រិតអាយុក្រោម ១២ឆ្នាំ អាយុក្រោម ១៤ឆ្នាំ និង អាយុក្រោម ១៦ឆ្នាំ ។ ក្នុងឆ្នាំបន្តបន្ទាប់ យុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចូលរួមជាមួយយុវជននៃក្លឹបដ៏ទៃទៀតតំណាងឲ្យប្រទេសជាតិ ចូលរួមការប្រកួតប្រជែងជាច្រើនទាំងក្នុងប្រទេស និង ក្នុងតំបន់ ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៧ កន្លងផុតទៅនេះ យុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនជាច្រើននាក់ ត្រូវបានគ្រូបង្វឹកជំរុញឲ្យឡើងលេងក្នុងឈុតដំបូង ហើយក្នុងក្រុមជំរើសជាតិយុវជនរបស់យើងក៏ត្រូវបានចូលលេងទាំងក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៩ឆ្នាំផងដែរ ។ ស្របតាមការលើកឡើងរបស់លោកឧញ៉ាម្ចាស់ក្លឹប ដែលយល់ឃើញថាក្លឹបបាល់ទាត់ភ្នំពេញក្រោន មិនត្រឹមតែផ្តោតលើវិស័យបាល់ទាត់តែប៉ុណ្ណោះទេ តែក៏បានចូលរួមជួយលើកកម្ពស់យុវជនឲ្យមានសុខភាពល្អ និង ជៀសឆ្ងាយនូវរាល់អំពើអបាយមុខផ្សេងៗផងដែរ ។ មួយវិញទៀតក្លឹបក៏បានជួយសម្រួលដល់កុមារក្រីក្រ និង កីឡាករនៅតាមតំបន់ឆ្ងាយៗមួយចំនួនឲ្យបានចូលរួមជាមួយក្លឹប ហើយបានចេញថ្លៃចំនាយទាំងការសិក្សា ក៏ដូចជា ការស្នាក់នៅដល់ពួកគេ ពោលគឺបានលើកស្ទួយជីវភាពរស់នៅរបស់ពួកគេមួយកម្រិតទៀតទាំងពេលបច្ចុបន្ន ក៏ដូចជាពេលអនាគតផងដែរ ៕

មតិយោបល់