ប្រវត្តិខ្លះៗនៃការកកើតក្រុមថ្នាលយុវជនភ្នំពេញក្រោនតាំងតែពីឆ្នាំ២០១១

July 18, 2018 - 3:13 PM | អត្ថបទដោយ៖ មករា

សម្រាប់មជ្ឈដ្ឋានអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ភាគច្រើនសុទ្ធតែបានស្គាល់ ឬធ្លាប់បានលឺឈ្មោះក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជាចំនួន ៦សម័យកាលមកហើយ រួមទាំងពានសម្តេចហ៊ុន សែន បាន ​២លើកផងដែរ ។ យ៉ាងណាក៏ដោយ ការឈ្នះជើងឯកមិនមែនជាគោលដៅចម្បងតែមួយគត់របស់ក្លឹបដ៏ធំនៅក្នុងប្រទេសកម្ពុជានេះទេ ។

ហេតុនេះហើយទើបនាខែកុម្ភៈ ឆ្នាំ២០១១ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានចាប់ផ្តើមទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ខ្លួន ដោយបានសម្រេចបង្កើតជាផ្លូវការនូវក្រុមថ្នាលយុវជនបន្ទាប់ពីបានធ្វើតេស្តសមត្ថភាពលើយុវជនដែលមានអាយុក្រោម ១៣ឆ្នាំ នៅតាមបណ្តាខេត្តក្រុងចំនួន ១៧ទូទាំងរួចមក ។ បេសកកម្មថ្មីនេះបានធ្វើឱ្យភ្នំពេញក្រោន ក្លាយជាក្លឹបបាល់ទាត់ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះយុវជនដែលស្រលាញ់កីឡាបាល់ទាត់ក៏ដូចជាផ្តល់ឱកាសដល់ពួកគេឱ្យទទួលបានការបណ្តុះបណ្តាលតាមស្តង់ដាឆ្ពោះទៅកាន់ការក្លាយខ្លួនជាធនធានជំនាន់ថ្មីសម្រាប់មាតុប្រទេសរបស់ពួកគេ និងជាកីឡាករអាជីពនាពេលអនាគតផងដែរ ​ដោយក្លឹបបានផ្តល់ ទាំងការហ្វឹកហាត់ ការអប់រំចំណេះដឹងទូទៅ និងផ្តល់ទីកន្លែងសម្រាប់ស្នាក់នៅថែមទៀតផង ។

លោកឧញ៉ា ឬទ្ធី សំណាង ដែលជាម្ចាស់ក្លឹបផ្ទាល់ បានថ្លែងថា ការអភិវឌ្ឍន៍ធនធានកីឡាករក្មេងៗដែលមានទេពកោសល្យលើវិស័យបាលទាត់ទាំងផ្នែកបច្ចេកទេស និងវិន័យ គឺក្នុងគោលដៅដើម្បីឱ្យពួកគេក្លាយជាកីឡាករតំណាងក្លឹបក៏ដូចជាតំណាងប្រទេសជាតិផងដែរ ។ ក្នុងឆ្នាំដំបូងនោះ ក្លឹបបានសហការជាមួយស្ថាប័ន Asia Pacific Football Academy (APFA) ដោយរួមគ្នាបង្កើតកម្មវិធីសិក្សាមួយដែលសង្កត់ធ្ងន់លើមូលដ្ឋានគ្រឹះនៃកីឡាបាល់ទាត់នេះ ថែមទាំងបានបញ្ជូនយុវជនរបស់ខ្លួនទៅចូលរួមប្រកួតក៏ដូចជាហ្វឹកហាត់ទៅតាមប្រទេសផ្សេងៗក្នុងតំបន់រួមមាន ប្រទេសសិង្ហបុរី ក្នុងព្រឹត្តិការណ៍ Singapore Sixes youth tournament, ការចូលរួមប្រកួតមិត្តភាពជាមួយកីឡាករប្រទេសវៀតណាម និងប្រទេសម៉ាឡេសុីជាដើម ។

ចំពោះការប្រកួតក្នុងស្រុកវិញ ក្រុមថ្នាលយុវជនភ្នំពេញក្រោន ធ្លាប់ឈ្នះជើងឯកជាច្រើន ដូចជាពាន U17 ថ្នាក់ជាតិបាន ២លើក, U15 ថ្នាក់ជាតិ បាន ២លើក និងបានរក្សាកំណត់ត្រាល្អៗជាច្រើន ដូចជាក្នុងព្រឹត្តិការណ៍ U-14 Championship ដោយពួកគេបានបំបែកកំណត់ត្រាថ្មីមួយ គឺមិនដែលស្គាល់ពាក្យថាចាញ់ក្នុងការប្រកួតទាំង ១២លើក និងទាត់បញ្ចូលទីគូប្រកួតចំនួន ១២៧គ្រាប់ក្នុងមួយព្រឹត្តិការណ៍ ។ 

មកដល់បច្ចុប្បន្ននេះ ភ្នំពេញក្រោន នៅតែបន្តបេសកកម្មក្នុងការបណ្តុះបណ្តាលក្រុមថ្នាលយុវជនជារៀងរាល់ថ្ងៃក្រោមការបង្វឹកហាត់ដោយក្រុមគ្រូបង្វឹកជាច្រើនរូប ព្រមទាំងបានបង្កើតជាក្រុមសហគមន៍ភ្នំពេញក្រោនបន្ថែមទៀតផង ៕

 

 

 

មតិយោបល់


អត្ថបទផ្សេងៗ