គ្រូបង្គោល និងប្រធានក្រុមភ្នំពេញក្រោនយល់ឃើញយ៉ាងណាចំពោះតួនាទីថ្មីរបស់ Keisuke Honda នៅកម្ពុជា?

August 13, 2018 - 2:45 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីកីឡាករជនជាតិជប៉ុន Keisuke Honda បានស្ម័គ្រចិត្តមកដល់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ដោយមិនយកប្រាក់ខែ ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំ អ្នកគាំទ្របាល់ទាត់កម្ពុជា បានសម្ដែងការស្ងើចសរសើរ និងមោទកភាពជាខ្លាំង ចំពោះការលះបង់របស់កីឡាកររូបនេះ ។

ជុំវិញនឹងការមកដឹកនាំក្រុមជម្រើសជាតិគោព្រៃកម្ពុជារបស់កីឡាករ Honda រូបនេះលោក Sean Sainbury ដែលជាគ្រូបង្គោលរបស់ក្រុមភ្នំពេញក្រោនបានយល់ឃើញថា៖ «ខ្ញុំគិតថាវាជារឿងដែលល្អក្នុងការប្រកាស Honda មកដឹកនាំក្រុមជម្រើសជាតិ ដោយសារតែគាត់ជាបុគ្គលល្បី ហើយគាត់បានធ្វើការងារច្រើននៅកម្ពុជាទាក់ទងនឹងវិស័យបាល់ទាត់ដូចជាមានក្លឹបផ្ទាល់ខ្លួននៅទីនេះ ខ្ញុំគិតថាវាគឺជារឿងវិជ្ជមានមួយសម្រាប់កម្ពុជា ។ ប៉ុន្តែខ្ញុំមានក្តីកង្វល់មួយគឺបច្ចុប្បន្ននេះគាត់គឺជាកីឡាករនៅឡើយ ដូច្នេះតើគាត់អាចនៅជាមួយក្រុមធ្វើការយ៉ាងដូចម្តេច? ជារួមខ្ញុំដូចជាចម្លែកចិត្តដែរ ព្រោះគាត់នៅជាកីឡាករ ហើយមកធ្វើការដឹកនាំក្រុមជម្រើសជាតិទៀត» ។

 

ចំនែកឯប្រធានក្រុមរបស់ក្រុមភ្នំពេញក្រោនកីឡាករអ៊ុក សុធីបានយល់ឃើញស្រដៀងគ្នាដែរថា៖ «ខ្ញុំសប្បាយចិត្តនៅពេលដែលដឹងថា Honda មកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ព្រោះយើងបានដឹងហើយថាបាល់ទាត់នៅប្រទេសជប៉ុនមានការរីកចំរើន ដូច្នេះវាជាឱកាសល្អសម្រាប់យើងក្នុងការរៀនសូត្រពីគាត់ ។ ជាធម្មតានៅពេលដែលគ្រូដែលទើបតែចូលមកកាន់ថ្មីគឺតែងតែនាំមកនៅបច្ចេកទេសថ្មីៗមកជាមួយ ទាំងរបៀបប្រយុទ្ធ និងការការពារ ខ្ញុំសង្ឃឹមថាវត្តមានរបស់គាត់នឹងអាចកែប្រែបាល់ទាត់នៅកម្ពុជាឲ្យរីកចំរើនទៅមុខតទៅទៀត» ។

សូមបញ្ជាក់ផងដែរថាវត្តមានរបស់ Keisuke Honda មកដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងកិច្ចសន្យារយៈពេល២ឆ្នាំនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺ Honda មកដឹកនាំក្រុមកម្ពុជា ដោយស្ម័គ្រចិត្ត ពុំមានការយកប្រាក់ខែអ្វីនោះទេ ៕

 

 

មតិយោបល់


អត្ថបទផ្សេងៗ