ពៅ ប៉ុនវុឌ្ឍី ប្រាប់ពីមូលហេតុនៃការរត់ទៅឱប Leonardo Vitorino ក្រោយខ្លួនទាត់ចូល

April 2, 2019 - 10:04 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ឆ្លងកាត់ការប្រកួតកាលពីថ្ងៃអាទិត្យកន្លងផុតទៅនេះ កីឡាករដែលទាត់បញ្ចូលទីមួយគ្រាប់ក្នុងចំណោមគ្រាប់ទាំងពីរដែលជួយឲ្យក្រុមភ្នំពេញក្រោនឈ្នះលើក្រុមយុវជនបាទី នៅទីលានសាលាបាល់ទាត់ជាតិបាទី គឺកីឡាករ ពៅ ប៉ុនវុឌ្ឍី បានសម្តែងអារម្មណ៍រីករាយដែលខ្លួនបានធ្វើឲ្យលទ្ធផលមានភាពប្រែប្រួលក្រោយពីខ្លួន និងកីឡាករម៉ៅ ពិសិដ្ឋ បានប្តូរចូលនៅវគ្គទីពីរ ។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបាននិយាយថា៖ « វាជារឿងមួយដែលល្អដែលខ្ញុំបានបង្ហាញខ្លួនជាលើកដំបូង ហើយរកគ្រាប់បាល់បានជូនក្រុមតែម្តង ព្រោះពេលនោះពួកយើងស្ថិតនៅក្នុងស្ថានភាពមួយដែលលំបាក ដោយយើងមានឱកាសច្រើនប៉ុន្តែទាត់មិនចូលទីគេសោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលខ្ញុំទាត់ចូល » ។

ទាក់ទងនឹងការអបអររបស់ខ្លួនដោយរត់ទៅឱបគ្រូបង្វឹក Leonardo Vitorino វិញ វុឌ្ឍី បានបញ្ជាក់ថា៖​ « វាមិនមែនជាស្ទាយ (Style) អ្វីនោះទេ ប៉ុន្តែពេលនោះខ្ញុំរំភើបខ្លាំងពេក និងខ្ញុំចង់បញ្ជាក់ទៅកាន់គាត់ថាដោយសារតែការពន្យល់របស់គាត់ទើបខ្ញុំខំប្រឹងបានមួយគ្រាប់នេះ ហើយមួយវិញទៀតខ្ញុំក៏ចង់បង្ហាញការអបអរជាក្រុម ជាមួយក្រុមគ្រូបង្វឹក និងកីឡាករបម្រុង ដោយសារតែពួកគេទើបធ្វើឲ្យខ្ញុំមានកម្លាំងចិត្តលេងខ្លាំងបែបនេះ »

សូមបញ្ជាក់ថា ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមយុវជនអាយុក្រោម១៨ឆ្នាំសាលាបាល់ទាត់ជាតិបាទីបានបញ្ចប់ទៅដោយក្រុមភ្នំពេញក្រោនបានប្រកួតឈ្នះជាមួយនឹងលទ្ធផល ២-០ ហើយវាក៏ជាការប្រកួតឈ្នះលើកដំបូងផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ