ពៅ ប៉ុនវុឌ្ឍី រីករាយដែលបញ្ជូនបាល់ឲ្យ Paulo ទាត់យកគ្រាប់ជ័យជម្នះជូនក្រុម

April 30, 2019 - 11:15 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បន្ទាប់ពីប្រកួតចប់ជាមួយក្រុមអាស៊ីអឺរ៉ុបក្នុងដីរបស់ខ្លួនកីឡាករ ពៅ ប៉ុនវុឌ្ឍី ដែលជាកីឡាករបញ្ជូនបាល់ទៅឲ្យមិត្តរួម Paulo Victor ទាត់បញ្ចូលទីយ៉ាងល្អនៅនាទី៨៤ នោះបានបង្ហាញអារម្មណ៍របស់ខ្លួនរីករាយជាខ្លាំងដែលបានជួយក្រុមក្នុងការដណ្តើមយកជ័យជម្នះក្នុងដីជាលើកដំបូងនេះ ។ ខ្សែបម្រើប្រយុទ្ធដែលប្តូរចូលលេងជំនួសកីឡាករ ម៉ៅ ពិសិដ្ឋ នៅវគ្គទី២បាននិយាយថា៖ « ខ្ញុំមានអារម្មណ៍រីករាយណាស់ដែលបានបញ្ជូនបាល់ទៅឲ្យ Paulo ទាត់ចូល ហើយអ្វីដែលសំខាន់នោះគឺពួកយើងទាំងអស់គ្នាធ្វើបានល្អ ក្រោយពីស្តាប់ការណែនាំរបស់គ្រូបង្វឹកនិងព្យាយាមធ្វើតាមអ្វីដែលគាត់ចង់បាន » ។

កីឡាករវ័យក្មេងរូបនេះបានបន្ថែមថា៖ « ការប្រកួតកាលពីថ្ងៃអាទិត្យគឺពិតជាលំបាកដោយសារតែមេឃភ្លៀង ធ្វើឲ្យពួកយើងមានការពិបាកក្នុងការទប់បាល់ និងធ្វើចលនាលើទីលាន ប៉ុន្តែយើងនៅតែធ្វើបានល្អដោយសារតែការសហការគ្នាជាក្រុម ។ គ្រប់ការប្រកួតទាំងអស់ពិតជាសំខាន់ អ្នកលេងលើទីលានក៏ចង់ឈ្នះ អ្នកគាំទ្រក៏ចង់ឃើញពួកយើងលេងឈ្នះ លេងល្អនៅក្នុងដី ដូច្នេះខ្ញុំសូមអរគុណដល់ពួកគាត់ដែលតែងតែគាំទ្រពួកយើង » ៕

សូមបញ្ជាក់ផងដែរថាតាមរយៈការប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុបកាលពីថ្ងៃអាទិត្យក្រុមភ្នំពេញក្រោនបានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយយកឈ្នះក្នុងលទ្ធផល១-០ ហើយក៏ជាការប្រកួតឈ្នះក្នុងដីជាលើកដំបូងសម្រាប់លីគកំពូលកម្ពុជាឆ្នាំ២០១៩នេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ