ពុំ តុលា បង្ហាញចំណាប់អារម្មណ៍លើក្លឹប និងមិត្តរួមក្រុម នៅពេលដែលលីគកំពូលកាន់តែខិតជិតមកដល់

February 5, 2019 - 10:52 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែការពារដែលមានបទពិសោធន៍ជោគជាំក្នុងលីគកំពូលកម្ពុជា ដែលទើបតែផ្លាស់ប្តូរមកលេងជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនរដូវកាលនេះ ពុំ តុលា បានបង្ហាញអារម្មណ៍រីករាយ និងសប្បាយចិត្តនៅពេលដែលក្រុមមានការរៀបចំល្អមុននឹងរដូវកាលចាប់ផ្តើម ។

តុលាបាននិយាយថា៖ « ក្រុមរបស់យើងមានការរៀបចំបានល្អ ទាំងមានរចនាសម្ព័ន្ធក្នុងក្រុម និងសមត្ថភាពរបស់កីឡាករម្នាក់ៗ ហើយបើនិយាយពីក្លឹបយើងទាំងមូលគឺយើងរៀបចំលក្ខណៈស្តង់ដាអាជីព ដូចជាយើងមានអ្នកបុគ្គលិកគ្រប់ផ្នែកទាំងអស់ អ្នកចាត់ការក្លឹប អ្នកចាត់ការក្រុម គ្រូធំ គ្រូជំនួយ និងជាច្រើនផ្នែកផ្សេងៗទៀត ហើយចំពោះកីឡាករម្នាក់ៗវិញគឺពួកគាត់មានភាពរីកចំរើនស្ទើរតែមិនគួរឲ្យជឿ » ។

នៅពេលដែលយើងនិយាយពីការរៀបចំខ្លួនសម្រាប់លីគកំពូលកម្ពុជាខ្សែការពាររូបនេះបានបន្ថែមថា៖​ « ខ្ញុំយល់ថាពួកយើងត្រៀមខ្លួនរួចរាល់ហើយ ព្រោះយើងមានការរៀបចំល្អដូចជាបានធ្វើដំណើរទៅប្រកួត Pre-Season នៅប្រទេសថៃ ក៏ដូចជាធ្វើការប្រកួតលក្ខណៈមិត្តភាពផ្សេងៗ ហើយរយៈពេលមួយខែនេះវាមិនលឿន ឬក៏មិនយូរពេកដែរសម្រាប់ពួកយើងក្នុងការចូលលេងលីគនេះ ។ ទន្ទឹមនឹងការរៀបចំខ្លួនយ៉ាងល្អនេះ ខ្ញុំចង់ឲ្យមិត្តរួមក្រុមខ្ញុំព្យាយាមប្រមូលអារម្មណ៍ហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រេចបានគោលដៅទាំងអស់គ្នា និងចុងក្រោយនោះគឺវិន័យក្នុងនាមជាកីឡាករអាជីព » ។

គួររំលឹកផងដែរថាកីឡាករ ពុំ តុលាបានត្រលប់មកចូលរួមជាមួយក្រុមឈុតធំភ្នំពេញក្រោនវិញសម្រាប់រដូវកាលថ្មីនេះ ក្រោមការដឹកនាំរបស់គ្រូថ្មី Leonardo Victorino ហើយយើងសង្ឃឹមថាវត្តមានរបស់កីឡាករវ័យចំណាស់មួយនេះនឹងជួយក្រុមបានល្អសម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ