ចំណាប់អារម្មណ៍របស់កីឡាករ ពុំ តុលាក្រោយការបង្ហាញខ្លួនលើកដំបូងជាមួយក្រុមភ្នំពេញក្រោន

April 29, 2019 - 12:08 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតរវាងក្រុមភ្នំពេញក្រោនជាមួយក្រុមអាស៊ីអឺរ៉ុបត្រូវបានបញ្ចប់ទៅក្នុងស្ថានភាពដែលតានតឹង ដោយក្រុមភ្នំពេញក្រោនបានយកឈ្នះក្នុងលទ្ធផល ១ – ០ នានាទី ៨៤ ដោយកីឡាករ Paulo Victor ជាមួយគ្នានេះដែរ យើងក៏ឃើញវត្តមានរបស់កីឡាករ ពុំ តុលាបានបង្ហាញខ្លួនជាមួយក្រុមលើកដំបូងក្នុងការប្រកួតផ្លូវការនៃលីគកំពូលកម្ពុជាឆ្នាំ២០១៩នេះ ។ ឆ្លងកាត់ការប្រកួតយប់មិញកីឡាកររូបនេះបានយល់ថាក្នុងចំនោមការប្រកួតកន្លងមកមានតែការប្រកួតយប់មិញទេដែលក្រុមរបស់ខ្លួនធ្វើបានល្អ ព្រោះមានឱកាសទាត់ទីគូប្រកួតច្រើន ។ ក្រោយការប្រកួតចប់ តុលាបាននិយាយថា៖ « នេះគឺជាការប្រកួតល្អមួយព្រោះយើងទទួលបាន៣ពិន្ទុកនៅក្នុងទឹកដីខ្លួនឯង ហើយខ្ញុំក៏សប្បាយចិត្តដែរ ព្រោះនេះជាការបង្ហាញខ្លួនរបស់ខ្ញុំលើទីលានជាមួយភ្នំពេញក្រោនសម្រាប់រដូវកាលថ្មីនេះ » ។

ខ្សែការពារខាងឆ្វេងរូបនេះបានបន្ថែមទៀតថា៖ « ការប្រកួតនេះជាការប្រកួតតាងតឹងមួយព្រោះយើងដឹងហើយថាក្រុមណាក៏ដោយឲ្យតែប៉ះភ្នំពេញក្រោន គឺតែងតែលេងចង់ឈ្នះពួកយើងខ្លាំងមែនទែន ហើយយប់មិញនេះពួកគេលេងល្អណាស់រហូតដល់ពេលដែលពួកយើងធ្វើការផ្លាស់ប្តូរកីឡាករមួយចំនួនក៏ដូចជាប្តូរតិចនិចនៃការលេងទើបយើងមានឱកាសរកបានគ្រាប់ជ័យជម្នះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ក្រុមរបស់យើងត្រូវតែពង្រឹងបន្ថែមទៀតដើម្បីការប្រកួតបន្តបន្ទាប់ ពួកយើងត្រូវតែខំធ្វើការហ្វឹកហាត់ឲ្យបានល្អ យើងត្រូវតែលេងដោយមានឆន្ទះ និងសហការគ្នាឲ្យបានល្អនៅលើទីលានពេលដែលពួកយើងធ្វើការប្រកួត » ។

សូមបញ្ជាក់ឆ្លងកាត់ការប្រកួត៥លើកនៃលីគកំពូលកម្ពុជាឆ្នាំ២០១៩ ក្រុមភ្នំពេញក្រោនបានប្រកួតចាញ់ចំនួន៣លើក និងឈ្នះ២លើក មាន៦ពិន្ទុកឈរនៅលេខរៀងទី៩នៃតារាងលទ្ធផលលីគកំពូល ៕

មតិយោបល់


អត្ថបទផ្សេងៗ