អ៊ន ចាន់ប៉ូលីន ប្រាប់ពីទម្រង់លេងដែលគ្រូបង្វឹកថ្មីចង់បាន

October 20, 2018 - 10:24 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែបម្រើកណ្តាលវ័យក្មេងអ៊ន ចាន់ប៉ូលីនបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្រោយពីបានចូលរួមការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិពីរលើកជាមួយក្រុមជម្រើសជាតិកម្ពុជា កាលពីសប្តាហ៍មុនថារូបគេក៏មានការខកចិត្តចំពោះលទ្ធផលដែលក្រុមកម្ពុជាយើងធ្វើមិនសូវបានល្អក្នុងការប្រកួតទាំងពីរនេះ ។ បន្ថែមពីនេះទៅទៀតរូបគេបានបញ្ជាក់ថា៖ « ជាធម្មតាលទ្ធផលមិនល្អវាជារឿងដែលធ្វើឲ្យយើងទាំងអស់គ្នាមានការខកចិត្ត ប៉ុន្តែបើយើងមើលទៅលើទម្រង់លេងរបស់ក្រុមទាំងមូលគឺយើងមានការរីកចំរើន ដោយយើងលេងមិនខ្លាចគេ យើងហ៊ានលេង និងធ្វើតាមអ្វីដែលគ្រូបង្វឹកចង់បាន » ។

ប៉ូលីនបាននិយាយទៀតថា៖ « គ្រូបង្វឹកថ្មីរបស់យើងមិនសូវគិតពីលទ្ធផលក្នុងការប្រកួតនេះទេ ប៉ុន្តែអ្វីដែលសំខាន់របស់ក្រុមកម្ពុជានោះគឺគាត់ចង់ឲ្យក្រុមយើងមានទម្រង់លេងមួយដែលច្បាស់លាស់ ផ្តល់ ឱកាសឲ្យកីឡាករទាំងអស់បង្ហាញសមត្ថភាពរបស់ខ្លួនលើទីលាន ។ ចំពោះទម្រង់លេងដែលគាត់ចង់បាននោះគឺគាត់ចង់ឲ្យកីឡាករទាំងអស់ហ៊ានលេងបាល់ជាមួយគ្នា និងលេងបាល់ពីខាងក្រោម ដោយមិនទាត់បាល់ទៅខាងលើចោលច្រើនពេកនោះទេ » ។

សូមបញ្ជាក់ថាឆ្លងកាត់ការប្រកួតមិត្តភាពរយៈពេលបីលើកចុងក្រោយរបស់គ្រូបង្វឹកថ្មី ក្រុមគោព្រៃកម្ពុជាមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេពោលគឺប្រកួតចាញ់ក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ៣-១ ប្រកួតស្មើជាមួយក្រុមទីម័រខាងកើត ២-២ និងចុងក្រោយប្រកួតចាញ់ក្រុមសឹង្ហបុរីក្នុងលទ្ធផល ២-១ ៕

មតិយោបល់


អត្ថបទផ្សេងៗ