អ៊ន ចាន់ប៉ូលីន សង្ឃឹមថាកីឡាករអាយុក្រោម១៩ឆ្នាំរបស់យើងនឹងបង្ហាញគេថាខ្មែរយើងក៏លេងបាល់ទាត់ល្អដែរ

June 19, 2020 - 11:57 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

តាមរយៈការចាប់ពូលនៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) កាលពីម្សិលមិញ យើងឃើញថាក្រុមគោព្រៃជំទង់កម្ពុជាយើងស្ថិតក្នុងពូល A ដែលនឹងត្រូវប្រកួតប្រជែងជាមួយក្រុមម្ចាស់ផ្ទះ អ៊ូបីគីស្ថាន អ៊ីរ៉ង់ និងឥណ្ឌូនេស៊ី ។ អ៊ន ចាន់ប៉ូលីនដែលជាប្រធានក្រុមវ័យក្មេងនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានសម្តែងចំណាប់អារម្មណ៍មួយចំនួនលើការចាប់ឆ្នោតនេះថា៖ « បន្ទាប់ពីឃើញការចាប់ពូលកាលពីម្សិលមិញនេះ ខ្ញុំឃើញថាពូលយើងសុទ្ធតែមានក្រុមខ្លាំងៗ ប៉ុន្តែក្រុមរបស់យើងក៏ខ្លាំងដែរ បើមិនខ្លាំងគឺមិនអាចឡើងលេងដល់វគ្គនេះនោះទេ ។ ខ្ញុំមើលឃើញថាយើងមានផលវិបាកមួយប៉ុណ្ណោះគឺកាយសម្បទា បើបច្ចេកទេសនៃការលេងបាល់គឺប្រហាក់ប្រហែលគ្នានោះទេ » ។

ទោះជាយ៉ាងណាក៏ដោយក៏ខ្សែបម្រើវ័យក្មេងរូបនេះបានជូនពរនឹងផ្តល់កម្លាំងចិត្តដល់ក្រុមយុុវជនអាយុក្រោម១៩ឆ្នាំកម្ពុជាយ៉ាងដូច្នេះថា៖ « ខ្ញុំសង្ឃឹមថាពួកគាត់នឹងធ្វើបានល្អគ្រប់ការប្រកួត ប្រឹងប្រែងដើម្បីមុខមាត់ប្រទេសជាតិ បំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីនេះឲ្យបាន ហើយជាពិសេសនោះគឺបង្ហាញលើឆាកអន្តរជាតិថាខ្មែរយើងក៏លេងបាល់ទាត់បានល្អដូចគេដែរ » ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) គ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន នាពេលខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ