ចំណាប់អារម្មណ៍ប្រធានក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ក្នុងការប្រកួតជាមួយក្រុមមីយ៉ាន់ម៉ា

February 20, 2019 - 12:18 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ និងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ ក្នុងពានរង្វាន់ AFF U22 Championship 2019 នៅពហុកីឡាដ្ឋានជាតិនាល្ងាចនេះ ។ កីឡាករ អ៊ន ចាន់ប៉ូលីន ដែលជាប្រធានក្រុមជម្រើសជាតិកម្ពុជាបានរៀបរាប់ថាខ្លួន និងមិត្តរួមក្រុមត្រៀមខ្លួន១០០ភាគរយហើយ សម្រាប់ការប្រកួតថ្ងៃនេះ ហើយរូបគេក៏សង្ឃឹមថាអ្នកគាំទ្រនឹងចូលរួមទស្សនាបានច្រើនផងដែរ ។

កីឡាករដែលកំពុងតែជាប់ភារៈកិច្ចជាមួយក្រុមគោព្រៃកម្ពុជាបានលើកឡើងថា៖ « យើងនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកគាំទ្រកម្ពុជា យើងបានត្រៀមខ្លួន១០០ភាគរយ ហើយយើងក៏មានសង្ឃឹមខ្ពស់ក្នុងការយក៣ពិន្ទុពីការប្រកួតនេះដែរ ។ សម្រាប់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ ក៏ជាក្រុមខ្លាំងដែរ ដូច្នេះយើងមិនអាចមើលស្រាលលើសមត្ថភាពរបស់ពួកគេបានទេ យើងត្រូវតែពង្រឹងសមត្ថភាពខ្លួនឯងដើម្បីឈ្នះការប្រកួតនេះ » ។

គួររំលឹកផងដែរថាឆ្លងកាត់ការប្រកួតលើកទីមួយជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ក្រុមគោព្រៃជំទង់កម្ពុជាធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះជាមួយនឹងលទ្ធផល ១-០ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ