ភ្នំពេញក្រោននឹងរៀបចំកម្មវិធីសម្អាតកីឡដ្ឋាន Smart RSN និងការប្រកួតមិត្តភាពជាមួយអ្នកគាំទ្រ

August 30, 2019 - 5:21 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងរៀបចំកម្មវិធីសម្អាតកីឡដ្ឋាន Smart RSN និងការដាំកូនឈើ ដោយមានការចូលរួមពីលោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏ដូចជាថ្នាក់ដឹកនាំ ក្រុមគ្រូបង្វឹក បុគ្គលិក ក្រុមកីឡាករទាំងក្រុមឈុតធំ ក្រុមនារី និងក្រុមថ្នាលទាំង៣កម្រិត រួមទាំងក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន The RED ។ សម្រាប់កម្មវិធីរួមគ្នាសម្អាត និងដាំកូនឈើនៅកីឡដ្ឋាន Smart RSN នេះគឺជាសកម្មភាពបរិស្ថានមួយដើម្បីផ្សព្វផ្សាយចំនេះដឹងនៃការថែរក្សាបរិស្ថានឲ្យបានស្អាត ក៏ដូចជាការស្រលាញ់ធម្មជាតិ ដោយចាប់ផ្តើមចេញពីកីឡដ្ឋាន Smart RSN ក៏ដូចជាធ្វើការផ្សារភ្ជាប់គ្នាជាមួយវិស័យបាល់ទាត់នៅកម្ពុជា ។

 

កម្មវិធីដ៏មានអត្ថន័យនេះនឹងត្រូវចាប់ផ្តើមនាវេលា ១៥:៣០នាទី ដោយចាប់ផ្តើមពីការជួបជុំអ្នកក្រុមគាំទ្រក្លឹបបាល់ទាតភ្នំពេញក្រោន និងថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករទាំងអស់ ហើយធ្វើការសម្អាត និងដាំដើមឈើជុំគ្នានៅក្នុងបរិវេណកីឡដ្ឋាន ។ បន្ថែមលើសពីនេះទៅទៀតនៅវេលាម៉ោង ១៨:០០ ក្លឹបនឹងរៀបចំការប្រកួតបាល់ទាត់មួយរវាងក្រុមវ័យចំណាស់ភ្នំពេញក្រោន និងក្រុម The RED ក្នុងគោលបំណងបង្កើតចំណងមិត្តភាពរវាងអ្នកគាំទ្រនឹងថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកក្លឹប ។

 

អាស្រ័យដូចបានជម្រាបជូននេះអ្នកទាំងអស់គ្នាក៏អាចអញ្ជើញចូលរួមធ្វើការងារបរិស្ថាននេះ និងចូលរួមទស្សនាការប្រកួតបាល់ទាត់មិត្តភាពនៅកីឡដ្ឋាន Smart RSN ផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ