ភ្នំពេញក្រោន នឹងរៀបចំកម្មវិធី Football Clinic នៅវិទ្យាល័យសម្តេចឪ ខេត្តសៀមរាប

May 15, 2019 - 1:28 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្នុងគោលដៅផ្សារភ្ជាប់រវាងកីឡាបាល់ទាត់នឹងសង្គមនោះ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងរៀបចំកម្មវិធី Football Clinic មួយនៅវិទ្យាល័យសម្តេចឪ ដែលស្ថិតនៅលើទឹកដីខេត្តសៀមរាប ក្រោយការប្រកួតជាមួយក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរបានបញ្ចប់។ តាមការគ្រោងទុក កម្មវិធីនេះនឹងប្រារព្ធឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំវិទ្យាល័យ រួមជាមួយនឹងសិស្សានុសិស្សប្រមាណជា ២០០នាក់។

កម្មវិធីដែលកើតចេញពីកិច្ចសហការជាមួយនឹងក្រុមហ៊ុន Smart Axiata ក៏ដូចជាបណ្តាដៃគូឧបត្ថម្ភដទៃទៀតរបស់ក្លឹបមានគោលបំណងផ្សាព្វផ្សាយពីកីឡាបាល់ទាត់ដល់យុវជនជាពិសេសពីបច្ចេកទេសមូលដ្ឋាននៃការហ្វឹកហាត់ ការប្រកួត ការរៀបចំក្រុម ព្រមទាំងចំណេះដឹងផ្សេងៗទៀតនៃបំនិនជីវិតដើម្បីរួមចំណែកអភិវឌ្ឍន៍ផ្នត់គំនិត និងការពង្រឹងគោលដៅជីវិតសម្រាប់យុវវ័យផងដែរ។

សូមបញ្ជាក់ដែរថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចជ្រើសរើសយក វិទ្យាល័យសម្តេចឪ ដោយសារតែសង្កេតឃើញថា វិទ្យាល័យដែលជាស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមនៃព្រះករុណាសម្តេចតា ព្រះបរមរតនកោដ្ឋនេះ បានដើរតួនាទីយ៉ាងសកម្ម និងប្រកបដោយសក្តានុពលក្នុងការកសាងធនធានមនុស្សរាប់ពាន់នាក់បន្ទាប់ពីត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៩៦ មកនោះ។ ជាមួយគ្នានេះ នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ស្វាហាប់របស់ លោកបណ្ឌិត ឈិន តៃឈាង វិទ្យាល័យសម្តេចឪ បានកសាងនូវធនធានកីឡាករបាល់ទាត់ដែលមានគុណភាពសម្រាប់ការប្រកួតប្រជែងនានានៅខេត្តសៀមរាបតែម្តង។ ហេតុនេះហើយ ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានក្តីសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងក្លាយជាចំណែកតូចមួយក្នុងការបង្កើនទំនាក់ទំនងរវាងស្ថាប័នទាំងពីរ រួមទាំងជាឱកាសដ៏ល្អមួយក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗរវាងគ្នាទៅវិញទៅមកដើម្បីជាប្រយោជន៍ក្នុងការជំរុញដំណើរវិវត្តន៍នៃវិស័យអប់រំ កីឡា និងការកសាងធនធានមនុស្សសម្រាប់សង្គមជាតិកម្ពុជាផងដែរ៕

មតិយោបល់


អត្ថបទផ្សេងៗ