លោក ម៉ក់ ភារុណ បង្ហាញកង្វល់មួយចំនួននៅពេលក្រុមថ្នាលអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោនលេងពីរព្រឹត្តិការណ៍

May 2, 2019 - 12:11 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ស្របពេលដែលក្រុមកីឡាករអាយុក្រោម១៧ឆ្នាំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនកំពុងតែមមាញឹកក្នុងការចូលរួមលេងព្រឹត្តិការណ៍ចំនួន២ គឺការប្រកួតពានរង្វាន់ KMH Cup 2019 និង Smart Youth League 2019 នោះលោក ម៉ក់ ភារុណ ដែលជាគ្រូបង្វឹកបានបង្ហាញអារម្មណ៍ពីរក្នុងពេលតែមួយ ដោយសប្បាយចិត្តសម្រាប់ឱកាសក្នុងការបង្ហាញខ្លួនបានច្រើនរបស់កូនក្រុម និងមានកង្វល់បន្តិចបន្តួចលើបញ្ហាកម្លាំង ។ តាមរយៈបទសម្ភាសន៍ជាមួយក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោន លោកគ្រូបង្វឹកក្រុមថ្នាល១៧ឆ្នាំរូបនេះបានលើកឡើងថា៖ « វាជាឱកាសល្អមួយដែលយើងបានលេងច្រើននៅលើទីលាន ចំពោះការប្រកួតពានរង្វាន់ KMH Cup 2019 យើងបានឡើងទៅវគ្គបន្តហើយ និងត្រូវប្រកួតនៅថ្ងៃសៅរ៍ ទី៤ សប្តាហ៍នេះ ចំនែកឯការប្រកួតពានរង្វាន់ Smart Youth League 2019 គឺជាការរៀបចំដោយដៃគូរសហការឧបត្ថម្ភធំរបស់ក្លឹបភ្នំពេញក្រោន ដូច្នេះទោះជារវល់យ៉ាងណាក៏ពួកយើងត្រូវតែចូលរួមឲ្យខានតែបានដែរ » ។

អតីតកីឡាកររបស់ក្រុមភ្នំពេញក្រោនរូបនេះបានបន្ថែមទៀតថា៖ « បញ្ហាចម្បងរបស់យើងនៅពេលនេះគឹកីឡាករមួយចំនួនមានបញ្ហារបួស ប៉ុន្តែសម្រាប់ការប្រកួត Smart Youth League 2019 យើងអាចបន្ថែមកីឡាករថ្មីៗមួយចំនួនទៀតបានព្រោះពួកយើងលេងក្នុងកម្រិតអាយុ២០ឆ្នាំ ។ មួយវិញទៀតបញ្ហាអាកាសធាតុក៏អាចប៉ះពាល់ដល់លទ្ធផលនៃការប្រកួតដែរ ព្រោះនៅពេលនេះពួកយើងលេង២ព្រឹត្តិការណ៍ ហើយសុទ្ធតែថ្ងៃចុងសប្តាហ៍ និងក្រោមអាកាសធាតុក្តៅខ្លាំង បន្ថែមពីលើនឹងយើងលេងមួយសប្តាហ៍ពីរប្រកួតជាប់គ្នា ដូច្នេះក៏វាអាចមានបញ្ហាមួយចំនួនផងដែរ ប៉ុន្តែយើងនឹងព្យាយាមធ្វើបានល្អសម្រាប់ការប្រកួតទាំងអស់ » ។

សូមបញ្ជាក់ថាសម្រាប់ថ្ងៃសៅរ៍ ទី៤នេះ ក្រុមកីឡាករអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោននឹងប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀងអាយុក្រោម១៧ឆ្នាំ សម្រាប់ពានរង្វាន់ KMH Cup 2019 នាវេលាម៉ោង៤ល្ងាច ហើយសម្រាប់ថ្ងៃអាទិត្យ ទី៥ ពួកគាត់ក៏ត្រូវបន្តប្រកួតជាមួយក្រុមព្រែកប្រាកីឡា នៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង២រសៀល សម្រាប់ពានរង្វាន់ Smart Youth League 2019 ៕

មតិយោបល់


អត្ថបទផ្សេងៗ