Paulo Victor ចាញ់ការប្រកួតដំបូងជាមួយក្រុមបឹងកេតធ្វើឲ្យក្រុមរបស់យើងកាន់តែរឹងមាំនៅការប្រកួតបន្តបន្ទាប់

March 19, 2019 - 11:03 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតបើកឆាកក្នុងជំនួប The Cambodian Classic Match រវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតបានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះចាញ់ជាមួយនឹងលទ្ធផល ២-៣ កាលពីថ្ងៃសៅរ៍កន្លងផុតទៅ ។ ខ្សែបម្រើប្រយុទ្ធ Paulo Victor បានរកគ្រាប់ដំបូង និងជាគ្រាប់នាំមុខជូនក្រុមតាំងពីនាទី៧ បានបង្ហាញសុទ្ធិដ្ឋិនិយមថាបន្ទាប់ពីចាញ់ក្នុងការប្រកួតដំបូង ក្រុមរបស់យើងរៀនសូត្រពីអ្វីដែលជាចំនុចខ្វះខាត និងត្រលប់មកវិញជាមួយភាពខ្លាំងនៅការប្រកួតជាបន្តបន្ទាប់ ។

ខ្សែបម្រើប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះបានលើកឡើងថា៖ « ខ្ញុំព្យាយាមជួយមិត្តរួមក្រុមដើម្បីឲ្យក្រុមយើងកាន់តែប្រសើរឡើង ប៉ុន្តែខ្ញុំមិនបានធ្វើបានល្អគ្រប់គ្រាន់ដូចអ្វីដែលខ្ញុំបានរំពឹងទុកនោះទេ ។ ឆ្លងកាត់ការប្រកួតដំបូងខ្ញុំមានឱកាសទាត់បញ្ចូលទីមួយគ្រាប់យ៉ាងល្អ ប៉ុន្តែយើងមិនអាចឈ្នះការប្រកួតនេះ ។ ខ្ញុំជឿថាការប្រកួតបន្ទាប់យើងនឹងធ្វើបានល្អ ហើយធ្វើការឲ្យបានខ្លាំងជាងនេះទៅទៀត ដើម្បីជួយក្រុមយក៣ពិន្ទុឲ្យបាន » ។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ « បើតាមគំនិតរបស់ខ្ញុំគឺក្រុមរបស់យើងគួរតែឈ្នះការប្រកួតនេះ ប៉ុន្តែយើងមិនបានឈ្នះការប្រកួតនេះ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាបាល់ទាត់វាតែងតែមានរឿងដែលគួរឲ្យភ្ញាក់ផ្អើលច្រើន ដូច្នេះយើងមិនដឹងពីអ្វីដែលនឹងកើតឡើងនោះទេ ។ ខ្ញុំប្រាកដថាការចាញ់នេះនឹងធ្វើឲ្យពួកយើងខ្លាំងជាងមុន សម្រាប់ការប្រកួតជាបន្តបន្ទាប់ក្នុងរដូវកាលនេះ មួយវិញទៀតនោះគឺក្រុមរបស់យើងទាំងមូលដឹងថាគុណភាពរបស់យើងនឹងធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត ។ ការប្រកួតទាំងអស់ខ្ញុំតែងតែគិតថាវាលំបាក វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែខ្ញុំតែងតែជំរុញខ្លួនឯងដើម្បីឲ្យឈ្នះការប្រកួត ហើយខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ដែល » ៕

មតិយោបល់


អត្ថបទផ្សេងៗ