Paulo Victor ឆ្លុះបញ្ចាំងពីរដូវកាលដំបូងជាមួយ ភ្នំពេញក្រោន

November 6, 2019 - 11:39 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

Paulo Victor អះអាងថាគាត់មានរដូវកាលរីករាយជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន ប៉ុន្តែទទូចថាក្រុមគួរតែធ្វើបានល្អជាងនេះ បន្ទាប់ពីបញ្ចប់នៅចំណាត់ថ្នាក់ទី ៦ នៃលីគកំពូលកម្ពុជា។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លិប ភ្នំពេញក្រោន ក្នុងឆ្នាំ២០១៩ ហើយបានបង្កើតខ្លួនជាតួអង្គយ៉ាងសំខាន់ក្នុងតំបន់ប្រយុទ្ធរបស់ក្រុមជាមួយនឹងការទាត់បញ្ចូលទីពីចម្ងាយ។

ខ្សែប្រយុទ្ធរូបនេះត្រូវបានក្លិបផ្តល់ជូននូវការបន្តកិច្ចសន្យាដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងចំណង់ចំណូលចិត្តរបស់គាត់ចំពោះក្លិបព្រោះគាត់ក៏ចង់ចារឈ្មោះរបស់គាត់នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិបផងដែរ។

កីឡាករវ័យ ២៥ឆ្នាំ បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលគាត់ចាត់ទុកថាជាអ្នកគាំទ្រល្អបំផុតនៅកម្ពុជាតាមរយៈការគាំទ្រដ៏អស្ចារ្យរបស់ពួកគេពេញមួយរដូវកាល។

Paulo Victor រកបាន១៨គ្រាប់ សម្រាប់ភ្នំពេញក្រោន កាលពីរដូវកាលមុនបាននិយាយថា៖«ខ្ញុំគិតថាខ្ញុំមានរដូវកាលល្អហើយចំនួនគ្រាប់បាល់របស់ខ្ញុំក៏ល្អផងដែរ»។

«ខ្ញុំមិនដែលពេញចិត្តនឹងអ្វីដែលខ្ញុំបានធ្វើនោះទេ ពីព្រោះខ្ញុំតែងតែចង់ធ្វើឱ្យប្រសើរឡើង និងទទួលបានលទ្ធផលកាន់តែច្រើន។ នោះជាការគិតរបស់ខ្ញុំក្នុងនាមជាកីឡាករបាល់ទាត់។ ខ្ញុំគិតថាយើងគួរតែមានទំនុកចិត្តច្រើនជាងមុនជាមួយនឹងរបៀបដែលយើងលេងនៅលើទីលាន»។

«ខ្ញុំរៀនសូត្របានច្រើន និងរីករាយជាមួយរដូវកាលដំបូងរបស់ខ្ញុំជាមួយក្លិប និងអរគុណដល់មិត្តរួមក្រុម និងបុគ្គលិកគ្រូបង្វឹកទាំងអស់ដែលបានជួយខ្ញុំច្រើនពេញមួយរដូវកាល»។

«ខ្ញុំពិតជារីករាយដែលបានឃើញមនុស្សជាច្រើនមានការចាប់អារម្មណ៍បែបនេះ។ ហើយខ្ញុំជឿជាក់ថាយើងមានអ្នកគាំទ្រល្អបំផុត និងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំអាចផ្តល់នូវភាពរីករាយដល់ពួកគេក្នុងពេលប្រកួតនីមួយៗរបស់យើង»៕

មតិយោបល់


អត្ថបទផ្សេងៗ