Paulo Victor ៖ « វាមិនទាន់បញ្ចប់នោះទេ យើងត្រូវតែប្រឹងទាំងអស់គ្នាបន្ថែមទៀត … »

April 26, 2019 - 11:40 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការចាប់ផ្តើមរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននៅរដូវកាលថ្មីនេះហាក់ដូចជាមិនសូវកាក់កបជាមួយនឹងលទ្ធផលប៉ុន្មាននោះទេ ដោយឆ្លងកាត់ការប្រកួតចំនួន៤លើប្រកួតឈ្នះតែមួយលើកប៉ុណ្ណោះ កីឡាករ Paulo Victor ដែលជាខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុមបាននិយាយថាអ្វីៗវាមិនទាន់បានដល់ទីបញ្ចប់នៅឡើយទេ វាគ្រាន់តែជាការលំបាកនៃការចាប់ផ្តើមរបស់យើង ។ ខ្សែប្រយុទ្ធរូបនេះបាននិយាយថា៖ « វាគ្រាន់តែជាការចាប់ផ្តើមនៃការប្រកួត៤លើកប៉ុណ្ណោះ ដូច្នេះវាហាក់បីដូចជាលឿនពេកហើយក្នុងការនិយាយថាការប្រកួតក្នុងរដូវកាលនេះវាចប់សព្វគ្រប់នោះ សម្រាប់ខ្ញុំ ខ្ញុំនៅតែជឿថាពួកយើងអាចត្រលប់មកកាន់ភាពខ្លាំងវិញ បើសង្កេតទៅមើលលើគុណភាពរបស់ពួកយើងនោះ » ។

កីឡាករវ័យ២៤ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ « យើងកំពុងស្ថិតក្នុងស្ថានភាពមួយដែលលំបាក ដូច្នេះយើងត្រូវតែធ្វើការឲ្យបានច្រើនដើម្បីយកជ័យជម្នះលើការប្រកួតបន្ទាប់ យើងត្រូវតែលេងប្រកបដោយភាពជឿជាក់ និងប្រមូលអារម្មណ៍ឡើងវិញ ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់លីគ ។ នៅក្នុងវិស័យបាល់ទាត់យើងត្រូវតែរឹងមាំដោយខ្លួនឯង ហើយវាក៏អាចមានសម្ពាធផងដែរមកលើខ្លួនយើង ដូច្នេះយើងត្រូវតែចេះលើកទឹកចិត្ត និងជំរុញខ្លួនឯងជានិច្ចក្នុងការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅក្នុងប្រទេស ដើម្បីធ្វើការកែប្រែស្ថានភាព » ។

សម្រាប់ការប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុបនៅសប្តាហ៍នេះកីឡាករជនជាតិប្រេស៊ីលបានបញ្ជាក់ថា៖ « ការប្រកួតជាមួយក្រុម AEU គឺជាការប្រកួតមួយដែលយើងត្រូវតែឈ្នះ ដើម្បីបង្ហាញភាពជឿជាក់របស់យើងឡើងវិញចំពោះមុខអ្នកគាំទ្រនៅក្នុងដីរបស់យើង » ។ សូមបញ្ជាក់ថាក្រុមភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន Smart RSN ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវអាស៊ីអឺរ៉ុបនាថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ ដូច្នេះអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនអាចអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករនៅវេលាម៉ោង៦ល្ងាច ៕

 

មតិយោបល់


អត្ថបទផ្សេងៗ