Paulo Victor: ខ្ញុំគោរពលោកគ្រូបណ្តោះអាសន្ន និងបន្តការប្តេជ្ញាចិត្តរបស់ខ្ញុំជាមួយក្លឹប

May 12, 2019 - 9:00 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករ Paulo Victor បានពន្យល់ពីការចាកចេញរបស់លោកគ្រូបង្វឹក Leonardo Vitorino មិនមានប៉ះពាល់អ្វីដល់ការបន្តរួមរស់ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន និងការប្តេជ្ញាចិត្តរបស់ខ្លួនជាមួយក្លឹបនោះទេ ។ កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលតែងតែរកគ្រាប់បាល់រាល់ការប្រកួតក្នុងដីរូបនេះបានបញ្ជាក់ថា៖ « ទាំងអស់នេះវាគឺជាបាល់ទាត់អាជីព ហើយខ្ញុំក៏គោរពគ្រប់យ៉ាងជុំវិញការសម្រេចចិត្តរបស់ក្លឹប ខ្ញុំនៅគោរពតាមការដឹកនាំរបស់គ្រូបណ្តោះអាសន្ន និងប្តេជ្ញាចិត្តនៅបន្តជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន » ។

កីឡាករដែលរកគ្រាប់បាល់ជ័យជន្នះជូនក្រុមកាលពីជំនួបជាមួយក្រុមអាស៊ីអឺរ៉ុបរូបនេះបានលើកឡើងជុំវិញការប្រកួតជាមួយក្រុមប៉ូលីសនាថ្ងៃនេះថា៖ « គ្រប់ការប្រកួតរបស់យើងទាំងអស់វាពិតជាសំខាន់ណាស់សម្រាប់យើង យើងត្រូវតែផ្តោតអារម្មណ៍លើការប្រកួតដើម្បីធ្វើបានល្អរាល់ការបង្ហាញខ្លួន ហើយខ្ញុំក៏សង្ឃឹមដែលថាយើងនឹងឈ្នះការប្រកួតនាថ្ងៃនេះ » ។

កីឡាករជនជាតិប្រេស៊ីលរូបនេះបានបន្ថែមទៀតថា៖ « ខ្ញុំនឹងព្យាយាមឲ្យកាន់តែខ្លាំងបន្ថែមទៀតនៅលើទីលាន ដើម្បីជួយក្រុមឲ្យទទួលបានជោគជ័យ អ្វីៗទាំងអស់គឺជាការធ្វើការងារជាក្រុម ប៉ុន្តែបើខ្ញុំជាអ្នកទាត់ចូលទីនោះខ្ញុំក៏សប្បាយចិត្តកាន់តែខ្លាំងថែមទៀត » ។ សូមបញ្ជាក់ថាសម្រាប់ថ្ងៃនេះក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន Smart RSN ដើម្បីទទួលស្វាគមន៍ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលការប្រកួតនឹងធ្វើឡើងនាវេលាម៉ោង៦ល្ងាច ហើយនេះជាការប្រកួតលើកទី៧ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដូច្នេះសូមអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ ៕

មតិយោបល់


អត្ថបទផ្សេងៗ