Paulo Victor ជាមួយនឹងការរង់ចាំក្នុងការត្រលប់ចូលទីលានវិញ

July 31, 2020 - 2:27 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីខកខាន៣ការប្រកួតកីឡករ Paulo Victor បានត្រៀមខ្លួនរួចជាស្រេចសារជាថ្មីម្តងទៀត ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួននៅលីគកំពូលកម្ពុជានាសប្តាហ៍ទី១០នេះ ។ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមសឹង្ហក្រហមភ្នំពេញក្រោនបាននិយាយពីការរៀបចំខ្លួនយ៉ាងដូច្នេះថា៖ « ខ្ញុំមានបញ្ហារបួសបន្តិចបន្តួចក្នុងការប្រកួតជាមួយវិសាខា តែពេលនេះអ្វីៗប្រសើរឡើងហើយ ។ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយក្រោយពីខានបានប្រកួតយ៉ាងយូរនេះ ខ្ញុំសង្ឃឹមថាយើងនឹងទទួលបាន៣ពិន្ទុពីការប្រកួតនាចុងសប្តាហ៍នេះ » ។

ជាមួយគ្នានេះដែរ Paulo បានបញ្ជាក់បន្ថែមពីការរងបរាជ័យរបស់ក្រុមជាលើកដំបូងនៅក្នុងឆ្នាំ២០២០នេះថា៖ « យើងមិនដែលចង់ចាញ់ការប្រកួតនោះទេ ប៉ុន្តែវាបានកើតឡើងក្នុងវិស័យបាល់ទាត់ ពេលនេះយើងត្រូវតែងើបមុខឡើង ផ្តោតអារម្មណ៍ទៅលើការប្រកួតបន្ទាប់ដើម្បីក្រុមរបស់យើងរឹងមាំក្នុងការប្រជែងយកពានរង្វាន់ ។ ដូច្នេះគ្រប់ការប្រកួតទាំងអស់គឺសំខាន់សម្រាប់យើង ក្នុងការដណ្តើមយក៣ពិន្ទុ យើងត្រូវតែរៀបចំឲ្យបានរួចរាល់សម្រាប់ការប្រកួតថ្ងៃសៅរ៍នេះ » ។

សូមជម្រាបថានៅថ្ងៃសៅរ៍ ទី១ ខែសីហា វេលាម៉ោង៦ល្ងាច ក្រុមភ្នំពេញក្រោន នឹងទទួលស្វាគមន៍ក្រុមភ្ញៀវសូលទីឡូអង្គរនៅកីឡដ្ឋាន Smart RSN ដែលនេះជាការប្រកួតនៅសប្តាហ៍ទី១០ ៕

មតិយោបល់


អត្ថបទផ្សេងៗ