Paul Omogba ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាសម្រាប់ការប្រកួតថ្ងៃអាទិត្យនេះ

July 1, 2020 - 11:11 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ជំនួបដ៏ជក់ចិត្តរវាងភ្នំពេញក្រោន និងវិសាខាកាន់តែខិតជិតមកដល់ ក្រោយពីលីគកំពូលកម្ពុជាបានខកខានប្រកួតក្នុងរយៈពេលជាងបីខែមកនេះ ។ ខ្សែប្រយុទ្ធ Paul Omogba បានត្រៀមខ្លួចរួចជាស្រេចសម្រាប់ការប្រកួតដ៏សំខាន់នាចុងសប្តាហ៍នេះ ហើយរូបគេបានផ្តល់បទសម្ភាសន៍ខ្លីមួយជុំវិញនឹងការប្រកួតយ៉ាងដូច្នេះថា៖ « យើងបានរង់ចាំការប្រកួតធំមួយនេះរយៈពេល២ ទៅ៣ខែហើយ ក្រុមរបស់យើងពិតជារំភើបណាស់សម្រាប់ការត្រលប់មកវិញនៃការប្រកួតបាល់ទាត់ ។ ចំពោះការប្រកួតដ៏ធំខាងមុខនេះគឺយើងដឹងហើយថាក្រុមទាំងពីរសុទ្ធតែមានការរៀបចំយ៉ាងល្អរៀងៗខ្លួន ព្រោះកីឡាករសុទ្ធតែល្អៗនឹងប៉ះគ្នានៅថ្ងៃអាទិត្យនេះ ។ យើងជឿជាក់ថាយើងត្រៀមខ្លួនរួចហើយក្នុងការប្រកួតប្រជែង សម្រាប់ការប្រកួតក្នុងដីរបស់យើងនឹងធ្វើឲ្យបានល្អបំផុតតាមតែយើងអាចធ្វើបាន » ។

កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះបានបន្ថែមថា៖ « អ្វីដែលយើងរៀបចំនៅពេលនេះគឺដើម្បីឈ្នះការប្រកួត និងធ្វើឲ្យបានល្អសម្រាប់ក្រុមអ្នកគាំទ្ររបស់ពួកយើងដែលគាំទ្រពួកយើងនៅផ្ទះរបស់ពួកគេ ។ ពួកយើងធ្វើការខ្លាំងណាស់សម្រាប់ការត្រលប់មកវិញនេះ ពួកយើងយកចិត្តទុកដាក់ទាំងកម្លាំង ស្មារតីចាប់ពីពេលដែលយើងឈរនៅកំពូលតារាងលីគមកម៉្លេះ យើងត្រូវតែរក្សាតំណែងរបស់យើង និងបន្តវារហូតដល់អ្វីៗបានបញ្ចប់ » ។

សូមបញ្ជាក់ថានេះគឺជាការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាមួយរបស់ Omogba បន្ទាប់ពីធ្វើការហ្វឹកហាត់ជាមួយក្រុមយ៉ាងសកម្មសម្រាប់ត្រៀមខ្លួនប្រកួតក្នុងលីគសារជាថ្មីម្តងទៀតនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ