២០មុឺនដុល្លារ ត្រូវបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈឯកឧត្តម សៅ សុខា និងប្រធានក្លឹបភ្នំពេញក្រោន

December 3, 2018 - 11:31 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នាព្រឹកថ្ងៃច័ន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមជាមួយលោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងថ្នាក់ដឹកនាំនៃក្រុមហ៊ុន RSX Investment Co,LTD បានធ្វើដំណើរទៅកាន់មន្ទីពេទ្យកុមារគន្ធបុប្ផាដើម្បីប្រគល់ជូននូវថវិកាសរុបចំនួន ២សែនដុល្លារអាម៉េរិគជូនដល់ស្ថាប័នមនុស្សធម៌ដែលកំពុងបំពេញបេសកកម្មក្នុងការព្យាបាល និងសង្គ្រោះអាយុជីវិតកុមារកម្ពុជានេះ ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក៏ដូចជាលោកឧកញ៉ា ឬទ្ធី សំណាង ផ្ទាល់ដែលតែងតែបានចូលរួមយ៉ាងផុសផុលក្នុងការគៀងគរថវិកាពីបណ្តាដៃគូពាណិជ្ជកម្ម ឬតាមរយៈសកម្មភាពកីឡាបាល់ទាត់ដើម្បីគាំទ្រជាជំនួយហិរញ្ញាវត្ថុដល់មន្ទីរពេទ្យដែលកំពុងជួបប្រទះការខ្វះខាតនោះ។

សូមបញ្ជាក់ថា នេះជាលើកទី៤ ហើយដែលលោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន បាននាំយកថវិកាឧបត្ថម្ភដល់មន្ទីពេទ្យកុមារគន្ធបុប្ផា ខណៈដែលលោកឧកញ៉ាបានប្តេជ្ញាថា នឹងបន្តសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្រោមការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលលោកតែងតែលើកទឹកចិត្ត ព្រមទាំងបំផុសសកម្មភាពនានាដើម្បីផ្សារភ្ជាប់រវាងវិស័យកីឡាបាល់ទាត់ និងសុខុមាលភាពសង្គម ក្នុងគោលដៅប្រើប្រាស់បាល់ទាត់ដើម្បីរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ