ឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន៖​ « ខ្ញុំសង្ឃឹមថាអ្នកគាំទ្របាល់ទាត់ទាំងអស់ចូលរួមសហការគ្នាដើម្បីជួយដល់ពួកគេ … »

October 3, 2019 - 10:42 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោមការផ្តួចផ្តើមពីលោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន លោកបានឲ្យក្រុមការងាររៀបចំការប្រកួតមិត្តភាពជាមួយក្រុមក្រសួងការពារជាតិ ដើម្បីស្វែងរកសប្បុរសជននានាចូលរួមជួយដល់កុមារតូចៗរស់នៅតំបន់បឹងស្បូវ ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ តាមរយៈបទសម្ភាសន៍ជាមួយក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោនលោកឧកញ៉ាបានលើកឡើងថា៖ « បន្ទាប់ពីខ្ញុំបានមើលឃើញព័ត៏មានលើបណ្តាញសង្គមហ្វេសបុក បានឲ្យក្រុមការងារចុះទៅទីតាំងនោះផ្ទាល់ ហើយយើងមើលឃើញថាពួកគាត់ពិតជាមានភាពលំបាកមែន ដោយយើងឃើញថាក្មេងៗនៅទីនោះមិនមានសំភារៈគ្រប់គ្រាន់ក្នុងការរៀនសូត្រ ហើយមិនមានអគារសិក្សាអ្វីច្បាស់លាស់នោះទេ ដូច្នេះខ្ញុំចង់ចូលរួមជួយពួកគេតាមរយៈការប្រកួតបាល់ទាត់ » ។

លោកឧកញ៉ាបានបន្ថែមទៀតថា៖ « សាលានេះធ្លាប់បានអង្គការមួយផ្តល់ជំនួយ ប៉ុន្តែពេលនេះគេបានផ្តាច់ជំនួយហើយ ដូច្នេះខ្ញុំសង្ឃឹមថាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោន និងអ្នកគាំទ្របាល់ទាត់ទាំងអស់ចូលរួមសហការគ្នាដើម្បីជួយដល់ពួកគេតាមរយៈក្លឹបរបស់យើងនេះ » ។

សូមបញ្ជាក់ថាលោកអ្នកដែលមានបំណងចង់ចូលរួមបរិច្ចាគសំភារៈផ្សេងៗនោះ លោកអ្នកអាចមកទំនាក់ទំនងជាមួយក្រុមការងាររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នៅកីឡដ្ឋាន Smart RSN ដោយពួកយើងចាប់ទទួលយកពីថ្ងៃប្រកួតជាមួយមិត្តភាពដើម្បីកុមារជាមួយក្រុមក្រសួងការពារជាតិស្អែកនេះតទៅរហូតដល់ថ្ងៃទៅ១១ ខែតុលា ៕

 

មតិយោបល់


អត្ថបទផ្សេងៗ