អ៊ុក សុធី៖ « យើងនឹងដាក់ចិត្តលេងឲ្យបាន២០០%សម្រាប់ការប្រកួតនេះ! »

June 21, 2019 - 1:06 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករដែលមានបទពិសោធន៍ច្រើន អ៊ុក សុធី បានយល់ថាការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមអង្គរថាយហ្គឺរនាថ្ងៃស្អែកគឺជាឱកាសក្នុងការស្វាគមន៍ពួកគាត់ឲ្យបានល្អ ព្រោះពួកគាត់បានធ្វើឲ្យយើងចុកចាប់នៅការប្រកួតក្នុងដីលើកចុងក្រោយរបស់យើង ។ កីឡាកររូបនេះបាននិយាយថា៖ « វាជាការប្រកួតមួយដែលខ្ញុំទន្ទឹងរង់ចាំយូរមកហើយ ព្រោះឆ្នាំមុនពួកយើងបានខកចិត្តយ៉ាងខ្លាំងដោយសារពួកគេនៅក្នុងដីរបស់យើង ដូច្នេះយើងនឹងត្រៀមស្វាគមន៍គាត់ឲ្យបានល្អសម្រាប់ការប្រកួតនេះ » ។

កីឡាកររូបនេះបានបន្ថែមទៀតថា៖​ « សម្រាប់ក្រុមទាំងពីរដែលនឹងត្រូវប្រកួតនាថ្ងៃស្អែកនេះសុទ្ធតែត្រូវការពិន្ទុជាចាំបាច់ ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយពួកគេមានការរៀបចំល្អជុំវិញតំបន់ប្រយុទ្ធរបស់ពួកគេ ។ ជាក់ស្តែងដូចជាខ្សែប្រយុទ្ធបរទេសរបស់គេគឺកំពុងតែឡើងជើង ហើយគេល្អទាំងបាល់ក្រោម និងបាល់លើ ដូច្នេះក្រុមរបស់យើងក៏គួរតែមានការប្រុងប្រយ័ត្នចំពោះពួកគេដែរ ។ ចំនែកឯពួកយើងក៏បានរៀបចំក្រុមដែរសម្រាប់ការប្រកួតនេះ ដោយយើងត្រូវតែធ្វើតាមក្បួននានាដែលបានរៀបចំក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបាន » ។

ជាចុងក្រោយខ្សែមប្រើកណ្តាលរូបនេះបានបញ្ជាក់ថា៖ « ឥឡូវនេះពួកយើងកំពុងតែលេងបានល្អ ហើយក្រុមរបស់យើងកំពុងតែមានកម្លាំងចិត្តខ្លាំងដូចគ្នា ពោលគឺអាចឈានដល់២០០% ដើម្បីធ្វើយ៉ាងណាយកឈ្នះការប្រកួតនេះ ព្រោះពួកយើងជូរចត់ខ្លាំងណាស់ដោយចាញ់អង្គរថាយហ្គឺរកាលពីឆ្នាំមុន » ៕

មតិយោបល់


អត្ថបទផ្សេងៗ