មតិរបស់កីឡាករអ៊ុក សុធីជុំវិញការប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀងសប្តាហ៍នេះ

April 19, 2019 - 2:05 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីពិធីចូលឆ្នាំខ្មែរបានបញ្ចប់ទៅការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី៤បានវិញត្រលប់មកវិញដោយក្រុមភ្នំពេញក្រោននឹងត្រូវធ្វើដំណើរទៅកាន់ខេត្តស្វាយរៀងដើម្បីធ្វើការប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀង នាថ្ងៃអាទិត្យខាងមុខនេះ កីឡាករអ៊ុក សុធី បានរៀបរាប់ថាក្រុមទាំងមូលមានការរៀបចំបានល្អ បើទោះបីជាមានការឈប់សម្រាកប៉ុន្មានថ្ងៃក្តីនាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរក្តី ។ ខ្សែបម្រើកណ្តាលរូបនេះបានលើកឡើងថា៖ « ក្រុមកីឡាកររបស់យើងមានការត្រៀមខ្លួនបានល្អ ព្រោះពួកយើងបានសម្រាកនូវពេលចូលឆ្នាំខ្មែរ ហើយក្រោយមកពួកយើងក៏បានចូលធ្វើការហ្វឹកហាត់វិញត្រឹមត្រូវ នឹងមានពេលវេលាគ្រប់គ្រាប់សម្រាប់ការត្រៀមខ្លួនប្រកួតនេះផងដែរ » ។

ជុំវិញការប្រកួតជាមួយនាសប្តាហ៍នេះកីឡាកររូបនេះបាននិយាយថា៖ « តាមរយៈការប្រកួតរបស់ក្រុមស្វាយរៀងនាពេលកន្លងមកគឺពួកគេមានការការពារល្អ ដោយមិនទាន់មានក្រុមណាទាត់បញ្ចូលទីពួកគេនៅឡើយទេ ប៉ុន្តែពួកយើងក៏មានអ្នកប្រយុទ្ធល្អដូចគ្នា ដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងអាចរកគ្រាប់បាល់បាននាពេលប្រកួតខាងមុខនេះ ។ ចំពោះចំនុចដែលយើងត្រូវប្រុងប្រយ័ត្នបន្ថែមនៅការប្រកួតនេះគឺចំនុចការពាររបស់យើង ព្រោះពួកគេមានកីឡាករប្រយុទ្ធដែលមានល្បឿនលឿនដូច្នេះការវាយបកក៏លឿនដូចគ្នា សរុបមកនៅពេលដែលយើងប្រយុទ្ធយើងក៏ត្រូវរៀបចំការការពារដែរ » ។

ជាចុងក្រោយកីឡាករវ័យ៣១ឆ្នាំរូបនេះបានបន្ថែមថា៖ « ថ្វីត្បិតតែក្រុមរបស់គេកំពុងតែឡើងជើងដែលស្ថិតនៅកំពូលតារាងក៏ពិតមែន ប៉ុន្តែក្រុមរបស់យើងបានប្តេជ្ញាចិត្តហើយថានឹងធ្វើឲ្យបានល្អបំផុតចាប់ពីប្រកួតនេះតទៅ ព្រោះយើងត្រូវការឈ្នះជាដាច់ខាតដើម្បីការប្រកួតប្រជែងដណ្តើមពានរង្វាន់លីគកំពូលកម្ពុជានៅឆ្នាំនេះ » ៕

មតិយោបល់


អត្ថបទផ្សេងៗ