អ៊ន ចាន់ប៉ូលីន៖ «រដូវកាល២០១៩ មិនមែនជាឆ្នាំរបស់យើង»

November 14, 2019 - 10:49 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៦ នៃពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៩ ខណៈខ្សែបម្រើ អ៊ន ចាន់ប៉ូលីន បានបញ្ជាក់ថាក្រុមគួរតែធ្វើបានល្អជាងរដូវកាលដែលបានបញ្ចប់ទៅ។

កីឡាករវ័យ២១ឆ្នាំរូបនេះ ជឿជាក់ថាការចាកចេញរបស់កីឡាករមួយចំនួនកាលពីដើមរដូវកាល បានបង្កការលំបាកដល់ ភ្នំពេញក្រោន ក្នុងការកសាងក្រុមមួយដ៏ខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយការមកដល់របស់ Bata, Zazai និង Shane Booysen នៅជុំទី ២ នៃរដូវកាលនេះ បានធ្វើឲ្យប្រសើរឡើងនូវក្នុងតំបន់ប្រយុទ្ធរបស់ ភ្នំពេញក្រោន ប៉ុន្តែវាហាក់ដូចជាយឺតពេលសម្រាប់ប្រជែងដណ្តើមជើងឯក។

ប៉ូលីន ត្រូវបានតែងតាំងជាប្រធានក្រុមភ្នំពេញក្រោន ដោយខ្សែបម្រើរូបនេះទទួលបានការគោរព និងដំបូន្មានពីកីឡាករមានបទពិសោធន៍ដូចជាអតីតប្រធានក្រុម អ៊ុក សុធី។

ប៉ូលីន និយាយថា៖«ខ្ញុំអាចនិយាយបានថាយើងធ្វើមិនបានល្អទេនៅរដូវកាលនេះ។ យើងផ្លាស់ប្តូរគ្រូបង្វឹក និងកីឡាករក្នុងអំឡុងពេលពាក់កណ្តាលរដូវកាល ដូច្នេះវាធ្វើឲ្យយយើងពិបាកក្នុងការចាប់យកប្រព័ន្ធថ្មី ហើយយើងមើលទៅដូចជាក្រុមថ្មីម្តងទៀត»។

«ឆ្នាំនេះមិនមែនជារដូវកាលសម្រាប់យើងទេ។ នៅក្នុងរដូវកាលមុនយើងបានរៀបចំអ្វីៗគ្រប់យ៉ាងប៉ុន្តែវាមិនបានជោគជ័យដូចដែលយើងចង់បានទេ»។

«ក្នុងនាមជាប្រធានក្រុមវ័យក្មេងខ្ញុំត្រូវតែឆ្លើយតប និងដឹកនាំក្រុមឲ្យក្លាយជាក្រុមដែលល្អបំផុត ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ ព្រោះកីឡាករនៅលើទីលានមានទំនួលខុសត្រូវរបស់ពួកគេ ដូច្នេះខ្ញុំអាចនិយាយបានថាអ្នករាល់គ្នាគឺជាប្រធានក្រុម»។

«ខ្ញុំទទួលបានការណែនាំច្រើនពីគ្រូបង្វឹក អ្នកគ្រប់គ្រង និងកីឡាករជាពិសេសកីឡាករ សុធី, សុខថន, Bata, Zazai និងShane មានបទពិសោធច្រើនក្នុងវិស័យនេះ»។

មតិយោបល់


អត្ថបទផ្សេងៗ