អ៊ន ចាន់ប៉ូលីន មានការប្តេជ្ញាចិត្តខ្ពស់សម្រាប់ការប្រកួតចុងសប្តាហ៍នេះ

April 5, 2019 - 10:41 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែបម្រើកណ្តាល អ៊ន ចាន់ប៉ូលីន មានការប្តេជ្ញាចិត្តខ្ពស់សម្រាប់ការប្រកួតជាមួយក្រុមវិសាខានាចុងសប្តាហ៍នេះ ព្រោះជាឱកាសមួយក្នុងការបង្ហាញសមត្ថភាពរបស់ក្រុមខ្លួនក្នុងការដណ្តើមពានរង្វាន់លីគកំពូលកម្ពុជានៅឆ្នាំនេះ ។ ខ្សែបម្រើកណ្តាលឆ្នើមរូបនេះបានលើកឡើងថា៖ « យើងត្រូវតែឈ្នះការប្រកួតនេះ ព្រោះក្រុមរបស់យើងត្រូវការពិន្ទុដើម្បីដណ្តើមយកពានរង្វាន់លីគនាឆ្នាំនេះ ។ សម្រាប់ខ្ញុំ ខ្ញុំគិតថាគ្រប់ការប្រកួតទាំងអស់សុទ្ធតែសំខាន់ មិនមែនសំខាន់តែការប្រកួតជាមួយវិសាខានោះទេ ប៉ុន្តែអ្វីដែលយើងចង់បាននោះគឺបីពិន្ទុសម្រាប់ក្រុម ពួកយើងទាំងអស់គ្នាមានការប្តេជ្ញាចិត្តខ្ពស់ណាស់ក្នុងការឈ្នះការប្រកួតនេះដើម្បីអ្នកគាំទ្ររបស់យើង » ។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ « សព្វថ្ងៃនេះយើងមានបញ្ហាមួយចំនួនទាក់ទងនឹងការបញ្ចប់ទី ជាក់ស្តែងក្នុងការប្រកួតកន្លងមកជាមួយបាទីយើងមានឱកាស ប៉ុន្តែយើងមិនអាចរកគ្រាប់បាល់បាន ខ្ញុំសង្ឃឹមថាវត្តមានរបស់ពិសិដ្ឋនិងជួយក្រុមឲ្យបានល្អប្រសើរឡើងវិញនៅតំបន់ប្រយុទ្ធ » ។

សូមបញ្ជាក់ថាការប្រកួតរវាងក្រុមភ្នំពេញក្រោន ជាមួយក្រុមវិសាខានឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Smart RSN នាថ្ងៃអាទិត្យ ទី៧ វេលាម៉ោង៦ ល្ងាចខាងមុខនេះ ។ ដូច្នេះបងប្អូនអ្នកគាំទ្រក្រុមទាំងពីរអាចអញ្ជើញចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយការប្រកួតក្នុងលីគកំពូលកម្ពុជារបស់យើង ៕

មតិយោបល់


អត្ថបទផ្សេងៗ