អ៊ន ចាន់ប៉ូលីន៖ « យើងនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីប្រទេសជាតិយើង សម្រាប់ការប្រកួតជើងទីពីរនេះ! »

June 10, 2019 - 3:54 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខណៈពេលដែលក្រុមជម្រើសជាតិកម្ពុជាកំពុងតែត្រៀមខ្លួនប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ជាលើកទីពីរក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) កីឡាករវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន មានការប្តេជ្ញាចិត្តខ្ពស់សម្រាប់ការប្រកួតនេះ ។ ខ្សែបម្រើកណ្តាលរូបនេះបាននិយាយថា៖ « ទោះបីជាការប្រកួតជើងទីមួយបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែចំពោះខ្ញុំផ្ទាល់គឺមិនទាន់មានភាពកក់ក្តៅនៅឡើយទេ ព្រោះបាល់ទាត់តែងតែមានភាពប្រែប្រួលជានិច្ច ដូច្នេះយើងត្រូវតែមានភាពប្រុងប្រយ័ត្ន » ។

ជុំវិញនិងផលវិបាកសម្រាប់ក្រុមក្នុងការប្រកួតជើងទីពីរនៅទីក្រុងដូហា ប្រទេសកាតានេះ កីឡាកររូបនេះបានបញ្ជាក់ថា៖​ « យើងមានផលវិបាកមួយចំនួនទាក់ទងទៅនឹងបញ្ហាអាកាសធាតុ ព្រោះនៅទីនេះក្តៅខ្លាំង មួយវិញទៀតចំពោះបញ្ហាពេលវេលាក៏ពួកយើងមិនទាន់ទម្លាប់បាននៅឡើយទេ ។ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយប្រសិនបើខ្ញុំបានលេង៩០នាទីដូចជើងទីមួយនោះ ខ្ញុំនឹងខំប្រឹងឲ្យបានខ្លាំងក្លាដើម្បីប្រទេសជាតិយើង ព្រោះក្រុមរបស់យើងក៏មានការប្តេជ្ញាចិត្តខ្ពស់ដូចគ្នាសម្រាប់ការប្រកួតនេះផងដែរ » ។

សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយប៉ាគីស្ថាន ជើងទីពីរ ដើម្បីកាត់សេចក្ដីរកក្រុមឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលគ្រោងធ្វើឡើង នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនា នាវេលាម៉ោង១១យប់នៅប្រទេសកម្ពុជាយើង ៕​

មតិយោបល់


អត្ថបទផ្សេងៗ