អ៊ន ចាន់ប៉ូលីន បង្ហាញមហិច្ឆតាចង់ឈ្នះពានលីគកំពូលជាមួយភ្នំពេញក្រោននៅឆ្នាំនេះ

March 13, 2019 - 4:24 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អ៊ន ចាន់ប៉ូលីនដែលជាខ្សែបម្រើកណ្តាលវ័យក្មេងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញទម្រង់លេងយ៉ាងល្អរបស់ខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ AFF U22 2019 មានគោលបំណងធំមួយជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោននៅឆ្នាំនេះគឺជួយក្រុមយកពានរង្វាន់លីគកំពូលក្នុងឆ្នាំ២០១៩នេះ ។ ថ្វីត្បិតតែរូបគេបានបំពេញកាតព្វកិច្ចបានយ៉ាងល្អជាមួយក្រុមជម្រើសជាតិនាពេលកន្លងមក ប៉ុន្តែប៉ូលីននៅតែមិនទាន់មិនទាន់ពេញចិត្តជាមួយទម្រង់លេងរបស់ខ្លួននៅឡើយទេ ដោយរូបគេប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងកែលម្អចំនុចខ្វះខាតដែលខ្លួនមានទាំងនោះ ។

ប៉ូលីនបានលើកឡើងដូច្នេះថា៖ « ខ្ញុំមិនទាន់ពេញចិត្តជាមួយទម្រង់លេងរបស់ខ្ញុំនៅឡើយទេចំពោះការប្រកួតប្រជែងក្នុងពានរង្វាន់ AFF U22 Championships នាពេលកន្លងមក ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីកែប្រែចំនុចខ្វះខាត ។ ខ្ញុំនឹងយកបទពិសោធន៍ដែលខ្ញុំមានក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ មកកែលម្អនិងធ្វើឲ្យបានល្អដើម្បីលេងក្នុងលីគកំពូលកម្ពុជា ។ ក្រុមភ្នំពេញក្រោនរបស់យើងមានការរៀបចំបានល្អដោយសារតែឆ្នាំនេះពួកយើងមានការប្រកួតពានរង្វាន់មុនបើករដូវកាល (pre-season) ដូច្នេះពួកយើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតលីគក្នុងឆ្នាំនេះ ។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ « គោលដៅចម្បងរបស់ខ្ញុំនៅឆ្នាំនេះគឺឈ្នះពានលីគកំពូលកម្ពុជាជាមួយភ្នំពេញក្រោន ព្រោះពួកយើងខកខានឈ្នះពានរង្វាន់នេះ៣ឆ្នាំមកហើយ ដូច្នេះនៅឆ្នាំនេះវាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំក្នុងការឈ្នះពានរង្វាន់លីគកំពូល » ។

សូមបញ្ជាក់ថាក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងត្រូវធ្វើការប្រកួតជាមួយក្រុមបឹងកេត ដែលជាការប្រកួតបើកឆាកនៅលីគកំពូលកម្ពុជានាថ្ងៃសៅរ៍ ទី១៦ វេលាម៉ោង៦:០០ ល្ងាចខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ