អ៊ន ចាន់ប៉ូលីន និយាយអំពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Hun Sen Cup «វាជាឱកាសចុងក្រោយនៃរដូវកាលនេះ»

September 18, 2019 - 11:41 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

អ៊ន ចាន់ប៉ូលីន​ បានពន្យល់ពីសារៈសំខាន់នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អគ្គសម្តេចតេជោ ហ៊ុន សែន  ជាមួយ ព្រះខ័នរាជស្វាយរៀង ជាឱកាសចុងក្រោយសម្រាប់ ភ្នំពេញក្រោន ក្នុងការឈ្នះពានរង្វាន់នៅរដូវកាលនេះ។

ក្តីសុបិន្តក្នុងការប្រជែងលីគកំពូលកម្ពុជា បានរសាត់បាត់ដោយបច្ចុប្បន្នក្រុមកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៦ ដោយមាន ២០ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងក្នុងលីគ ព្រះខ័នរាជស្វាយរៀង ដែលយើងនឹងត្រូវជួបនៅពហុកីឡដ្ឋានជាតិ នៅថ្ងៃព្រហស្បតិ៍នេះ។

មិនដូចដំណាក់កាលមុនៗ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចហ៊ុនសែន នឹងត្រូវធ្វើឡើងលើតែមួយជើងនៅលើទឹកដីកណ្តាល ដោយអ្នកឈ្នះនៃការប្រកួតឈានដល់វគ្គផ្តាច់ព្រ័ត្រអាចនឹងត្រូវជួប វិសាខា ឬ បឹងកេត។

ខ្សែបម្រើ អ៊ន ចាន់ប៉ូលីន បានជំរុញឲ្យក្រុមរក្សាការខកចិត្តលទ្ធផល ៣ទល់២ ពេលជួប គិរីវង់សុខសែនជ័យ កាលពីសប្តាហ៍មុនទុកមួយឡែក និងផ្តោតលើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចហ៊ុនសែន នាថ្ងៃព្រហស្បតិ៍នេះជាមួយ ព្រះខ័នរាជស្វាយរៀង។

ខ្សែបម្រើវ័យ ២១ ឆ្នាំរូបនេះបានប្រាប់គេហទំព័រ ppcfc.com ថា៖«វានឹងក្លាយជាការប្រកួតដ៏លំបាកមួយសម្រាប់ពួកយើងព្រោះពួកគេជាក្រុមដែលមានការរៀបចំបានល្អ ហើយពួកគេធ្វើបានល្អនៅក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចហ៊ុនសែន»។

«ប៉ុន្តែអ្វីគ្រប់យ៉ាងអាស្រ័យលើ ៩០ នាទីនៅក្នុងទីលាន។ អ្នកណាមានស្មារតីល្អ និងស៊ូទ្រាំនឹងឈ្នះការប្រកួត»។

«ស្មារតីក្រុម និងការលើកទឹកចិត្តរបស់យើងនៅតែដដែល។ យើងព្យាយាមបំភ្លេចការខកចិត្ត បន្ទាប់ពីចាញ់ គីរីវង់សុខសែនជ័យ ក្នុងលីគ ៣ទល់២ និងបន្តផ្តោតលើពានរង្វាន់សម្តេចហ៊ុនសែន»។

«យើងនឹងរៀបចំស្មារតីក្រុមរបស់យើង និងលើកទឹកចិត្តគ្នាបន្ថែមទៀត។ វាជាឱកាសចុងក្រោយសម្រាប់ឆ្នាំនេះ។ ដូច្នេះវាពិតជាសំខាន់ណាស់សម្រាប់យើងក្នុងការដណ្តើមយកពានរង្វាន់នេះ»៕

មតិយោបល់


អត្ថបទផ្សេងៗ