អ៊ន ចាន់ប៉ូលីន៖ « វាជាឱកាសមួយក្នុងការវាស់ស្ទង់សមត្ថភាពរបស់យើងជាមួយក្រុមជើងឯកចាស់ សម្រាប់ការប្រកួតស្អែកនេះ »

August 13, 2019 - 2:07 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

សម្រាប់ការប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ៨ក្រុមចុងក្រោយ ក្រុមភ្នំពេញក្រោននឹងត្រូវធ្វើការប្រកួតជាមួយក្រុមជើងឯកឆ្នាំមុន ក្រសួងការពារជាតិ ដែលការប្រកួតនឹងធ្វើឡើងនាថ្ងៃស្អែកនេះវេលាម៉ោង៦ល្ងាច នៅកីឡដ្ឋាន ខ ភ ម (ស្តាតចាស់) ។ កីឡាករ អ៊ន ចាន់ប៉ូលីន បានយល់ឃើញថាការប្រកួតក្នុងពានរង្វាន់សម្តេចជាការមួយដែលក្រុមត្រូវតែផ្តោតអារម្មណ៍លេងឲ្យបានខ្លាំង ព្រោះក្រុមហាក់ដូចជាអស់ឱកាសក្នុងលីគកំពូលទៅហើយ ។ កីឡាករវ័យក្មេងរូបនេះបាននិយាយថា៖​ « នេះជាឱកាសមួយសម្រាប់កីឡាករខ្មែររបស់យើង ដើម្បីផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ក្នុងការប្រកួតនេះ ហើយខ្ញុំជឿថាកីឡាករខ្មែររបស់យើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់នេះផងដែរ » ។

ចំពោះចំណាប់អារម្មណ៍លើការប្រកួតជាមួយក្រុមក្រសួងការពារជាតិវិញកីឡាកររូបនេះបានយល់ឃើញថា៖ « ការប្រកួតស្អែកនេះវាជាការប្រកួតមួយដែលល្អ និងជក់ចិត្តព្រោះវាអាចបង្ហាញពីសមត្ថភាពរបស់កីឡាករខ្មែរយើង ក៏ដូចជាការវាស់ស្ទង់សមត្ថភាពរវាងក្រុមយើងជាមួយនឹងក្រុមជើងឯកឆ្នាំមុន ។ សម្រាប់ការលេងនាពេលកន្លងមកក្នុងលីគកំពូលយើងបានយកឈ្នះជាមួយនឹងលទ្ធផល ៣-១ នេះជាកត្តាជំរុញទឹកចិត្តមួយសម្រាប់ក្រុមយើងក្នុងការលេងនៅពេលនេះ ប៉ុន្តែយើងក៏ត្រូវតែមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់នៅពេលដែលប៉ះជាមួយពួកគេម្តងទៀតនេះ ។

ជាចុងក្រោយប៉ូលីនបានបញ្ជាក់ថា៖ « ការប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយនៅជើងទីមួយនេះយើងនឹងព្យាយាមលេងតាមអ្វីដែលយើងបានហ្វឹកហាត់ ក៏ដូចជាតាមការគ្រោងទុក ខ្ញុំសង្ឃឹមថាក្រុមកីឡាករខ្មែររបស់យើងនឹងធ្វើបានល្អ ដើម្បីអ្នកគាំទ្រ និងក្លឹបរបស់យើង » ៕

មតិយោបល់


អត្ថបទផ្សេងៗ