ប្រធានក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បង្ហាញការប្តេជ្ញាចិត្តខ្ពស់លើការប្រកួតជាមួយម៉ាឡេស៊ីនាពេលបន្តិចទៀតនេះ

December 4, 2019 - 1:08 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែបម្រើកណ្តាល អ៊ន ចាន់ប៉ូលីន បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតជាមួយក្រុមម៉ាឡេស៊ីល្ងាចនេះ ដោយគេរំពឹងថាកម្ពុជាអាចនឹងឡើងទៅលេងនៅជុំបន្តទៀតនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ។ ប្រធានក្រុមជម្រើសជាតិ U22 កម្ពុជា បាននិយាយថា៖ « សម្រាប់ការប្រកួតនេះគឺយើងរៀបចំយ៉ាងណាក៏ដោយគឺដើម្បីឈ្នះ ពោលគឺកម្ពុជាចង់ឡើងទៅលេងនៅជុំបន្ត ។ ក្នុងនាមជាប្រធានក្រុម ខ្ញុំសង្ឃឹមថាក្រុមរបស់យើងនឹងប្រឹងឲ្យអស់ពីសមត្ថភាព លេងដោយសហការគ្នា និងប្រឹងផ្តោតអារម្មណ៍លើការប្រកួតរហូតដល់ពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត » ។

នេះគឺជាការប្រកួតចុងក្រោយហើយក៏ជាក្តីសង្ឃឹមមួយរបស់ក្រុមអាយុក្រោម២២ឆ្នាំកម្ពុជា ដូច្នេះប៉ូលីនបានបន្ថែមថា៖​ « ខ្ញុំនៅតែសង្ឃឹមថាក្រុមកម្ពុជារបស់យើងឡើងទៅលេងនៅវគ្គបន្ត បើទោះបីជាការប្រកួតនេះជាមួយក្រុមខ្លាំង និងមានភាពតឹងតែងយ៉ាងណាក៏ដោយសម្រាប់យើង ។ ខ្ញុំសូមឲ្យអ្នកគាំទ្រទាំងអស់នៅតែបន្តគាំទ្រពួកយើង ព្រោះអ្នកទាំងអស់គ្នាជាកម្លាំងចិត្តយ៉ាងសំខាន់សម្រាប់យើងលើគ្រប់ការប្រកួតទាំងអស់ » ។

គួររំលឹកផងដែរថា សម្រាប់ការប្រកួតនេះគឺជាការប្រកួតដែលសំខាន់មួយរបស់កម្ពុជា ដោយត្រូវការឈ្នះ និងរកគ្រាប់បាល់ទៅតាមលទ្ធភាព ដើម្បីធានាកៅអីវគ្គ ៤ក្រុមចុងក្រោយ ព្រោះកម្ពុជាមានគូប្រជែងដ៏សំខាន់ ២ គឺក្រុមម្ចាស់ផ្ទះហ្វីលីពីន និងក្រុម U22 ម៉ាឡេស៊ីផ្ទាល់ ដែលសុទ្ធតែមាន ៤ពិន្ទុស្មើគ្នា គ្រាន់តែកម្ពុជា មានគ្រាប់បាល់ចំណេញច្រើនជាងប៉ុណ្ណោះ ៕

មតិយោបល់


អត្ថបទផ្សេងៗ