អ៊ន ចាន់ប៉ូលីន ជុំវិញការប្រកួតជាមួយក្រុមអ៊ីរ៉ង់នៅថ្ងៃ១០នេះ

October 8, 2019 - 2:45 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមជម្រើសជាតិកម្ពុជា និងត្រូវប្រកួតជាមួយក្រុមខ្លាំងអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ដែលជាជំនួបប្រកួតក្រៅដីលើកដំបូងរបស់កម្ពុជា សម្រាប់ការប្រកួតលើកទី៣ នៃវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) ប្រចាំពូល C ។ ជាមួយនឹងបទពិសោធន៍ក្នុងការប្រកួតលើឆាកអន្តរជាតិជាមួយក្រុមជម្រើសជាតិកម្ពុជា កីឡាករអ៊ន ចាន់ប៉ូលីន មិនមានអារម្មណ៍ភ័យខ្លាចអ្វីនោះទេ ប៉ុន្តែគេមានអារម្មណ៍រំភើបសម្រាប់ការប្រកួតជាមួយក្រុមខ្លាំងមួយនេះ ។

ខ្សែបម្រើកណ្តាលរូបនេះបាននិយាយថា៖ « សម្រាប់ការហ្វឹកហាត់គឺពួកយើងធ្វើបានល្អច្រើន ប៉ុន្តែយើងមានបញ្ហាបន្តិចបន្តួចទៅលើអាកាសធាតុ ហើយបើនិយាយពីការប្តេជ្ញាចិត្តរបស់យើងគឺមិនខុសពីការប្រកួតមុនៗនោះទេ យើងនឹងធ្វើឲ្យបានល្អជាទីបំផុត បើទោះបីជាយើងដឹងថាក្រុមគេខ្លាំងប៉ុណ្ណាក៏ដោយ » ។

ប៉ូលីនបានបន្ថែមទៀតថា៖ « ឆ្លងកាត់ការហ្វឹកហាត់មួយរយៈនេះខ្ញុំមានទំនុកចិត្ត និងមានតិចនិចក្នុងការលេងច្រើនជាងមុន ។ ចំពោះក្រុមរបស់យើងគឺត្រៀមខ្លួនរួចរាល់ហើយសម្រាប់ប្រកួតនេះ ពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើបាន ។ សម្រាប់ខ្ញុំគឺមិនមានភាពភ័យខ្លាចអ្វីនោះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍រំភើបនៅពេលដែលបានលេងជាមួយក្រុមខ្លាំងមួយនៅតំបន់អាស៊ី ហើយក៏ជាឱកាសមួយដើម្បីបង្ហាញកម្រិតរបស់យើងផងដែរ » ៕

មតិយោបល់


អត្ថបទផ្សេងៗ