អ៊ន ចាន់ប៉ូលីន សង្ឃឹមថានឹងយកបានបីពិន្ទុសម្រាប់ការប្រកួតជាមួយឡាវស្អែកនេះ

November 19, 2018 - 12:37 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមគោព្រៃកម្ពុជានឹងត្រូវធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិឡាវនៅថ្ងៃស្អែកវេលាម៉ោង ៦:៣០នាទីល្ងាច នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ។ កីឡាករ អ៊ន ចាន់ប៉ូលីន ដែលជាខ្សែបម្រើវ័យក្មេងរបស់ក្រុមជម្រើសជាតិ និងក្រុមភ្នំពេញក្រោនមានជំនឿជឿជាក់ក្នុងចិត្តថាក្រុមរបស់ខ្លួននឹងធ្វើបានល្អ សម្រាប់ការប្រកួតជាមួយក្រុមឡាវនេះ ។

ប៉ូលីនបានលើកឡើងថា៖​ « សម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះក្រុមកម្ពុជាមានសង្ឃឹមច្រើនក្នុងការដណ្តើមយកបីពិន្ទុ ពីក្រុមឡាវ ព្រោះកម្រិតលេងរបស់ក្រុមគឺប្រហាក់ប្រហែលគ្នា ហើយខ្ញុំសង្ឃឹមថាបងប្អូនអ្នកស្នេហាវិស័យបាល់ទាត់នឹងនៅតែបន្តការគាំទ្រក្រុមជម្រើសជាតិរបស់យើងតទៅទៀតដែរ » ។

គួររំលឹកដែរថា ឆ្លងកាត់ការប្រកួតពីរលើកក្រុមគោព្រៃកម្ពុជាបានចាញ់ទាំងពីរលើក ពោលគឺចាញ់ក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ១-០ និងចាញ់ក្រុមមីយ៉ាន់ម៉ា ៤-១ ។ សម្រាប់ពូល A នេះដែរ ក្រុមមីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេសុី មាន៦ពិន្ទុស្មើគ្នា ៕

មតិយោបល់


អត្ថបទផ្សេងៗ