លោក Oleg Starynskyi និយាយពីការប្រកួតជាមួយវិសាខា និងបញ្ជាក់ពីបញ្ហារបួសរបស់ពិសុទ្ធ

July 23, 2021 - 10:17 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមសិង្ហក្រហមភ្នំពេញក្រោននឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនជាថ្មីម្តងទៀត ដើម្បីស្វាគមន៍ក្រុមភ្ញៀវវិសាខានាថ្ងៃស្អែកនេះ។ ជុំវិញជាមួយនឹងជំនួបដ៏ជក់ចិត្តមួយនេះលោក Oleg Starynskyi ដែលជាគ្រូបង្វឹកក្រុមម្ចាស់ផ្ទះបានមានចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ «យើងរីករាយដែលលីគបានត្រលប់មកវិញ ហើយយើងក៏លេងបាន២ប្រកួតហើយផងដែរ ពេលនេះយើងកំពុងតែរៀបចំក្រុមលេងជាមួយវិសាខា ដែលយើងរំពឹងថាជាការប្រកួតមួយដែលល្អ ព្រោះវិសាខាជាក្រុមដែលមានការគ្រប់គ្រងបាល់បានល្អ ដូច្នេះយើងអាចធ្វើតេស្តសមត្ថភាពរបស់យើង និងបង្ហាញការលេងរបស់ក្រុមយើងផងដែរ។ វិសាខាជាក្រុមដែលមានកីឡាករល្អៗច្រើន ហើយខ្ញុំគិតថាពួកគេជាក្រុមដែលមានការរៀបចំល្អ ពួកគេបានបង្ហាញពីការលេងបានល្អ មានការប្រកួតប្រជែងខ្ពស់ ខ្ញុំគិតថាវានឹងជាការប្រកួតមួយដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រ​ មានការប្រកួតប្រជែងខ្លាំងសម្រាប់ការប្រកួតនេះ ដូច្នេះវាជារឿងល្អមួយក្នុងវិស័យបាល់ទាត់»​។

May be an image of 2 people and people standing

លោកគ្រូសញ្ជាតិអ៊ុយក្រែនរូបនេះក៏បានបន្ថែមថា៖ «សម្រាប់ការរៀបចំរបស់ក្រុមយើងវិញ គឺយើងធ្វើទៅតាមកាលវិភាគដែលយើងបានគ្រោងទុកដូចការប្រកួតមុនៗដែរ យើងបន្តការលេងតាមរបៀប និងគោលការណ៍របស់យើងទាំងតំបន់ប្រយុទ្ធ និងការពារ។​ ខ្ញុំអាចនិយាយបានថាការរៀបចំគឺនៅដដែល ព្រោះយើងមិនមែនរៀបចំសម្រាប់តែការប្រកួតតែមួយនេះទេ ប៉ុន្តែយើងរៀបចំគឺសម្រាប់ការប្រកួតប្រជែងសម្រាប់លីគទាំងអស់តែម្តង យើងមានការរំពឹងទុកជាច្រើនព្រោះចប់ពីការប្រកួតនេះទៅយើងមានការប្រកួតជាមួយណាហ្គា និងផ្សេងៗទៀត អញ្ចឹងយើងមានការរៀបចំសម្រាប់ការប្រកួតក្នុងលីគទាំងមូល»។

May be an image of 2 people, people standing, people playing sports and grass

ជុំវិញនឹងបញ្ហារបួសរបស់កីឡាករឆ្នើម លឹម ពិសុទ្ធ លោកគ្រូក៏បានបញ្ជាក់ដែរថា៖ «ពិសុទ្ធមានរបួសក្នុងការប្រកួតជាមួយស្វាយរៀង ហើយពេលនេះគេបានធូរប្រសើរជាងមុនហើយ តែក៏ត្រូវការពេលវេលាបន្ថែមទៀតផងដែរដើម្បីត្រលប់មកចូលក្នុងទីលានវិញ»។

សូមបញ្ជាក់ផងដែរថាការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមវិសាខានឹងត្រូវធ្វើឡើងនៅថ្ងៃស្អែកនេះ វេលាម៉ោង៦ល្ងាច​ នៅកីឡដ្ឋាន Smart RSN ៕

 

មតិយោបល់


អត្ថបទផ្សេងៗ