Oleg Starynskyi បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្រោយជួបជាមួយកូនក្រុមក្នុងសប្តាហ៍ដំបូង

December 10, 2020 - 12:02 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីតែងតាំងជាគ្រូឈុតធំរបស់ក្រុមសីង្ហក្រហមភ្នំពេញក្រោនលោក Oleg Starynskyi បានធ្វើការហ្វឹកហាត់ជាមួយកូនក្រុមត្រឹមសប្តាហ៍ដំបូងប៉ុណ្ណោះ ដោយសារតែបញ្ហាកូវីដ១៩ ដែលតម្រូវឲ្យកាត់បន្ថយការជួបជុំ និងប្រមូលផ្តុំ ។ សម្រាប់ការជួបជុំជាមួយកូនក្រុមជាលើកដំបូងគ្រូបង្វឹករូបនេះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖ « ខ្ញុំមានអារម្មណ៍ល្អណាស់សម្រាប់ការជួបជុំពួកគេជាលើកដំបូងនេះ ពួកគេមានការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការធ្វើការ ខ្ញុំក៏មើលឃើញដែលថាពួកគេមានឆន្ទៈក្នុងការប្រកួតប្រជែងជាមួយក្រុមល្អៗនៅក្នុងលីគ » ។

Oleg បានបន្តទៀតថា៖ « ស្ថិតក្នុងដំណាក់កាលនេះ ជាពេលវេលាដែលល្អបំផុតក្នុងការបន្ថែមគុណភាពរបស់ពួកគេលើទីលាន ព្រោះការធ្វើការខ្លាំងលើទីលានតែមួយមុខមិនគ្រប់គ្រាន់ឡើយ វាតម្រូវឲ្យយើងធ្វើការបន្ថែមទៀតដើម្បីជាកីឡាករអាជីព ។ កីឡាករត្រូវតែមានគុណភាពទាំងបច្ចេកទេស និងការសម្រេចចិត្តលើទីលាន ហើយបូករួមជាមួយនឹងគំនិតនៃការចង់ឈ្នះ ដើម្បីបង្កើតឱកាសលេង និងមានលទ្ធផលល្អដល់ក្លឹប »

មួយវិញទៀតគ្រូបង្វឹកដែលទើបតែត្រលប់មកចូលរួមជាមួយភ្នំពេញក្រោនវិញរូបនេះបានបន្ថែមថា៖ « ខ្ញុំចង់បញ្ជាក់ពីវត្តមានរបស់ប្រធានក្លឹបដែលបានចូលរួមជាមួយយើងក្នុងថ្ងៃដែលយើងហ្វឹកហាត់ដំបូងផងដែរ គាត់មកដើម្បីជម្រុញ និងលើកទឹកចិត្តយើង ទាំងអស់នេះពិតជាជួយយើងខ្លាំងណាស់ក្នុងការបង្កើឲ្យមានភាពស្និតស្នាលក្នុងក្រុមផងដែរ » ៕

មតិយោបល់


អត្ថបទផ្សេងៗ