Mustafa Zazai: « យើងជាក្រុមមួយដែលរឹងមាំ យើងអាចប្រកួតប្រជែងជាមួយក្រុមដទៃទៀតក្នុងលីគ »

July 20, 2019 - 11:54 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

នៅថ្ងៃអាទិត្យសប្តាហ៍នេះក្រុមភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់កីឡដ្ឋានវិសាខាដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា សម្រាប់សប្តាហ៍ទី១៦ កីឡាករចំណូលថ្មី Mustafa Zazai មានជំនឿថាក្រុមរបស់ខ្លួនជាក្រុមមួយដែលខ្លាំងអាចប្រជែងយកជ័យជម្នះលើក្រុមដទៃបាន ។ កីឡាករជនជាតិអាហ្គានីស្ថានរូបនេះបានបង្ហាញខ្លួនចំនួន២លើកជាមួយក្រុមសឹង្ហក្រហមភ្នំពេញក្រោន ដោយការប្រកួតលើកដំបូងនោះគឺជាមួយក្រុមបឹងកេតក្នុងលទ្ធផល ៤ទល់៤ និងមួយប្រកួតទៀតជាមួយយុវជនបាទីដោយបានយកឈ្នះក្នុងលទ្ធផល ១២ទល់១ ។ ដោយសារតែលទ្ធផលល្អបែបនេះទើបរូបគេមានជំនឿចិត្តថាក្រុមនិងធ្វើបានល្អសម្រាប់ការប្រកួតក្រៅដីនាសប្តាហ៍នេះ ដោយរូបគេបាននិយាយថា៖ « ខ្ញុំមានអារម្មណ៍ល្អ និងបានសម្របខ្លួនជាមួយមិត្តរួមក្រុមរួចរាល់ហើយ ពួកយើងមានក្រុមមួយដែលល្អ និងយល់ចិត្តគ្នា ដូច្នេះយើងមានភាពងាយស្រួលក្នុងការយល់ពីបច្ចេកទេសដែលគ្រូចង់បាន ។ សម្រាប់ការប្រកួតនាសប្តាហ៍នេះវិញ យើងមានការហ្វឹកហាត់ល្អណាស់ ព្រោះយើងយល់ថាវាជាការប្រកួតមួយដែលលំបាក ប៉ុន្តែប្រសិនបើយើងលេងតាមអ្វីដែលយើងបានរៀបចំនោះ យើងនឹងឈ្នះការប្រកួតមួយនេះជាមិនខាន » ។

កីឡាករដែលទើបតែរកបានគ្រាប់ដំបូងជូនក្រុមកាលពីសប្តាហ៍មុនរូបនេះបានបន្ថែមទៀតថា៖ « ខ្ញុំពិតជាសប្បាយចិត្តក្នុងការរកគ្រាប់បាល់ជូនក្រុម ហើយក៏ព្យាយាមបង្កើតឱកាសឲ្យមិត្តរួមក្រុមដូចគ្នា ខ្ញុំសន្យាចំពោះអ្នកគាំទ្រថានេះមិនមែនជាគ្រាប់ចុងក្រោយរបស់ខ្ញុំនោះទេ ខ្ញុំតែងតែព្យាយាមដើម្បីឲ្យមានភាពប្រសើរជាងនេះ ។ ខ្ញុំលឺថាវិសាខាជាក្រុមដែលល្អមួយ ហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំចូលចិត្តលេងជាមួយក្រុមល្អៗណាស់ ព្រោះក្រុមរបស់យើងជាក្រុមមួយដែលរឹងមាំដូចគ្នា យើងអាចប្រកួតប្រជែងជាមួយក្រុមដទៃទៀតក្នុងលីគ » ។

ជាចុងក្រោយកីឡាករវ័យ២៦ឆ្នាំរូបនេះបានបន្ថែមថា៖ « ខ្ញុំមិនដែលលេងជាមួយក្រុមវិសាខានោះទេ ដូច្នេះខ្ញុំមិនដឹងពីរបៀបលេងរបស់ពួកគេនោះទេ ប៉ុន្តែបើតាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំគិតថានៅពេលក្រុមខ្លាំងពីរប៉ះគ្នា គ្រាប់បាល់មិនសូវជាមានច្រើននោះទេ ហើយការប្រកួតនោះច្បាស់ជាជក់ចិត្តជាមិនខាន » ៕

មតិយោបល់


អត្ថបទផ្សេងៗ