លោក ម៉ក់ ភារុណ និយាយពីកត្តាដឹកនាំក្រុមតាំងពីប្រកួតដំបូង រហូតឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងគ្រងជើងឯក

September 1, 2020 - 2:24 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ភ្នំពេញក្រោន អាយុក្រោម ១៨ឆ្នាំ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០១៩ កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោយយកឈ្នះ វិសាខា អាយុក្រោម ១៨ឆ្នាំ នៅវគ្គផ្តាច់ព្រ័ត្រជាមួយលទ្ធផល ៣ទល់២។

ជាមួយគ្នានោះដែរ លោក ម៉ក់ ភារុណ ជាគ្រូបង្វឹកក៏បានបង្ហាញនូវកត្តាមួយចំនួនដែលអាចដឹកនាំក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងគ្រងជើងឯក។

ម្ចាស់ពានរង្វាន់គ្រូបង្វឹកល្អជាងគេលោក ម៉ក់ ភារុណ បានបង្ហើញថាក្រុមបានដាក់ផែនការដំបូងធ្វើយ៉ាងណាអាចឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់មកត្រូវតែឈ្នះនៅការប្រកួតចុងក្រោយ។

រំលឹកថា ភ្នំពេញក្រោន អាយុក្រោម ១៨ឆ្នាំ បានយកឈ្នះ វិសាខា អាយុក្រោម ១៨ឆ្នាំ ជាមួយលទ្ធផល ៣ទល់២ ដែលជាការទាត់បញ្ចូលទីពីកីឡាករ សំអុល ទីណា នៅនាទី៣៨ និងពីរគ្រាប់ទៀតទាត់បញ្ចូលទីដោយកីឡាករ រស់ តារាពេជ្រ នៅនាទី៦៩ និង៩០បូក៥ ដោយបាល់ពិន័យ ១១ម៉ែត្រ។

សូមអានបទសម្ភាសន៍ទាំងស្រុងនៅខាងក្រោមនេះ៖

*ចំណាប់អារម្មណ៍ក្រោយឈ្នះជើងឯកជាលើកដំបូងក្នុងនាមជាគ្រូបង្វឹក…

ខ្ញុំមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ជាពិសេសពួកយើងជាគ្រូៗ នឹងកីឡាករទាំងអស់គ្នាអាចធ្វើបានមែនក្នុងពានរង្វាន់U18នេះ។

*គិតថាយើងពិតជាសាកសមសម្រាប់ជ័យជម្នះនេះ…

វាពិតជាសាកសមសម្រាប់ជ័យជម្នះមួយនេះ ដូចអ្វីយើងទាំងអស់គ្នាបានដាក់ផែនការគម្រោងធ្វើយ៉ាងម៉េចរកគោលដៅដល់វគ្គផ្តាច់ព្រ័ត្រ និងចុងក្រោយពួកយើងបានដល់គោលដៅវគ្គផ្តាច់ព្រ័ត្រ។ បន្ទាប់មកទៀតពួកយើងត្រៀមការប្រកួតនឹងមកដល់ថាតើយើងធ្វើយ៉ាងណាដើម្បីឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទាំងនោះមានការហ្វឹកហាត់ ពេលវេលា របបអាហារ សម្រាក និងការរៀបចំក្រុមទាំងមូល ទាំងអ្នកលេង កីឡាករបម្រុង យុទ្ធសាស្រ ចិត្តសាស្ត្រ ទម្រង់លេង យល់ដឹងពីគូប្រកួត ចប់ ៩០នាទីទាំងពីរវគ្គ គឺយើងអាចធ្វើបានមែន គឺឈ្នះពាន។

*ពាក្យអរគុណទៅថ្នាក់ដឹកនាំ ក្រុមការងារ កីឡាករ និងអ្នកគាំទ្រ…

អរគុណធំបំផុត ក្លឹបបាល់ទាត់ភ្នំពេញក្រាន ក្រោមការគ្រប់គ្រងដ៏ល្អរបស់លោកឧកញ៉ា ឬទ្ធី សំណាង ជាប្រធានក្លឹប។ ជាពិសេសក្រុមការងារគ្រូបង្វឹក និងបុគ្គលិក ភ្នំពេញក្រាន ទាំងអស់ កីឡាករក្នុងក្រុមទាំងមូល ក៏ដូចជាអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រាន ទាំងអស់គ្នា។ បើមិនមានអ្នកទាំងអស់គ្នាជាមនុស្សជុំវិញខ្លួនទេក៏ពួកយើងគ្មានថ្ងៃនេះដែរ។ អរគុណ!

*អ្វីជាចំណុចចំបងដែលអាចនាំក្រុមចាប់តាំងពីប្រកួតដំបូង រហូតឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ និងគ្រងជើងឯក…

យើងបានដាក់ផែនការ រឺគោលដៅជាក្រុមទាំងមូលជាមួយគ្នាសម្រាប់ត្រៀមការប្រកួតទាំងការហ្វឹតហាត់ រៀបចំការលេង ថាធ្វើយ៉ាងម៉េចដល់វគ្គផ្តាច់ព្រ័ត្រ។ ទោះយើងមានបញ្ហាការប្រកួតដំបូងនៃជុំទីមួយ ប៉ុន្តែយើងអាចនៅតែអាចធ្វើបានឡើងទៅដល់ជុំទីពីរបាន។ ហើយការប្រកួតជុំទី២ នៃប្រកួតទីមួយយើងធ្វើលទ្ធផលមិនល្អម្តងទៀត តែយើងបានរៀនសូត្រពីការប្រកួតរហូតយើងឆ្លងជុំទី៣ វគ្គ ៨ ក្រុមចុងក្រោយ រួចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រជាលទ្ធផលផែនការ រឺគម្រោងរបស់ក្រុមយើង គឺទទួលបានមែន គឺពានរង្វាន់។

*អ្វីដែរជាចំណុចកែតម្រូវនាពេលបន្តទៅមុខទៀត ក្រោយឈ្នះជើងឯក…

យើងនៅតែបន្តក្នុងការត្រៀមការប្រកួតបន្តបន្ទាប់ទៀតនៅខាងមុខដោយមិនភ្លេចខ្លួន និងសង្វែងរកអ្វីជាក្រុមទាំងមូលទៅរកគោលដៅបន្ត៕

មតិយោបល់


អត្ថបទផ្សេងៗ