«យើងនៅតែមានឱកាសឡើងទៅវគ្គបន្ត» លោក ម៉ក់ ភារុណ និយាយអំពីការប្រជែង Top 4

January 18, 2021 - 2:43 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រោយបញ្ចប់ការប្រកួតសប្តាហ៍ទី ៨ ជាមួយលទ្ធផលបរាជ័យ ២ទល់១ ជាមួយ សមាគមកីឡាបាល់ទាត់ ខ.ភ.ម នៅលើកីឡដ្ឋាន Smart RSN កាលពីថ្ងៃសៅរ៍កន្លងទៅ U21 ភ្នំពេញក្រោន បានធ្លាក់ចំណាត់ថ្នាក់មកកាន់លេខ ៥ ឃ្លាតឆ្ងាយពីកៅអី Top 4 ដើម្បីទទួលបានឱកាសឡើងទៅវគ្គបន្តដើម្បីធ្វើការប្រកួតដណ្តើមជើងឯកពានរង្វាន់លីគ ២ រដូវកាល ២០២០។

ទោះបីបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៥ មាន ១៣ ពិន្ទុជាមួយគម្លាត ៣ ពិន្ទុពី Top 4 ប៉ុន្តែ U21 ភ្នំពេញក្រោន នៅតែមានឱកាសឡើងទៅវគ្គបន្ត ខណៈគ្រូបង្វឹកលោក ម៉ក់ ភារុណ បានបង្ហាញអំពីចំណាប់អារម្មណ៍មុនជំនួបជាមួយ សៀមរាប អេហ្វសុី នាថ្ងៃស្អែកនេះ វេលាម៉ោង ៣ រសៀល នៅកីឡដ្ឋាន សៀមរាប (កីឡដ្ឋាន ស្វាយធំ) ដែលជាការប្រកួតចុងក្រោយក្នុងវគ្គសន្សំពិន្ទុ។

Image may contain: 1 person, playing a sport and outdoor

«ជាការពិតយើងបានត្រៀមខ្លួនរៀបចំក្រុមរួចរាល់មុនការប្រកួតជាមួយនឹង សៀមរាប អេហ្វស៉ី ប៉ុន្តែដោយសារតែការប្រកួតរបស់យើងគឺកៀកថ្ងៃពេកធ្វើឲ្យកីឡាករមួយចំនួនមានបញ្ហាកម្លាំង»។

«យើងដឹងថា សៀមរាប អេហ្វស៉ី គឺជាក្រុមល្អនៅក្នុងទឹកដីតែម្ដង ដោយឡែកយើងបានទទួលព័ត៌មានថាក្រុម សៀមរាប បានផ្លាស់ប្ដូរទីលានប្រកួតពីវិទ្យាល័យ អង្គរ ទៅកីឡដ្ឋាន ស្វាយធំ ហើយយើងដឹងថាទីលាន ស្វាយធំ មានបញ្ហាបន្តិចបន្តួចក្ដីតែវាមិនមែនជាបញ្ហាដែលលេងជាមួយក្រុមគេនោះទេ»។

«សម្រាប់ឱកាសឡើងទៅវគ្គបន្តរបស់ក្រុមយើង គឺនៅតែមានសង្ឃឹម ទោះបីយើងនៅសល់មួយប្រកួតនេះក៏ដោយជាមួយនឹង សៀមរាប។ ពួកយើងប្ដេជ្ញាថា និងរកជ័យជម្នះឲ្យបាន»។

Image may contain: 3 people, people playing sports, people standing and outdoor

«ការប្រកួតបរាជ័យនាពេលកន្លងមកជាមួយ សមាគមកីឡាបាល់ទាត់ ខ.ភ.ម ខ្ញុំគិតថាដោយសារតែពួកយើងមានឱកាស ប៉ុន្តែមិនមានសំណាងនៅតំបន់មុខទីរបស់គូប្រកួត។ ចំពោះការរបូតគ្រាប់បាល់ទាំង ២ គ្រាប់ដោយសារតែយើងមានចន្លោះប្រហោងនៅតំបន់ការការពាររបស់ក្រុមទើបធ្វើឲ្យក្រុមរបស់យើងរបូតគ្រាប់បាល់ ២ គ្រាប់ត្រឹម ៥ នាទី»។

«ចំនុចកែតម្រូវសម្រាប់ការប្រកួតចុងក្រោយជាមួយនឹង សៀមរាប អេហ្វស៉ី នេះគឺយើងបានរៀបចំចំណុចចន្លោះប្រហោងដែលពួកយើងមានការធ្វេសប្រហេសបង្កកំហុសកន្លងមកជាមួយសមាគមកីឡាបាល់ទាត់ ខ.ភ.ម»។

បញ្ជាក់ថា U21 ភ្នំពេញក្រោន អាចនឹងឡើងទៅវគ្គបន្ត ក្នុងករណីយកឈ្នះ សៀមរាប អេហ្វស៉ី ស្របពេល អាយ អេស អាយ ដង្កោសែនជ័យ និងត្បូងឃ្មុំ បរាជ័យក្នុងសប្តាហ៍ចុងក្រោយ។ ដូច្នេះក្រុមទាំង ៣ និងមាន ១៦ ពិន្ទុស្មើគ្នា ប៉ុន្តែដោយសារការប្រើប្រាស់រូបមន្តប្រវត្តិជូបគ្នា (head to head) U21 ភ្នំពេញក្រោន នឹងស្ថិតនៅលើគេមានសិទ្ធឡើងទៅវគ្គខ្វែង។

មតិយោបល់