ម៉ែន ពិភព៖ « ភ្នំពេញក្រោនមានគុណលើខ្ញុំ ដូច្នេះខ្ញុំគួរធ្វើអ្វីខ្លះដើម្បីភ្នំពេញក្រោនដូចគ្នា… »

April 10, 2019 - 12:17 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន កីឡាករ ម៉ែន ពិភព បានសម្រេចក្តីស្រម៉ៃក្លាយជាគ្រូបង្វឹក បើទោះបីជាខ្លួននៅវ័យក្មេង និងមិនទាន់មាន Licence អ្វីក៏ដោយ ។ តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយវេបសាយក្លឹបបាល់ទាត់ភ្នំពេញក្រោនអតីតកីឡាកររូបនេះបាននិយាយថា៖ « ក្តីស្រម៉ៃរបស់ខ្ញុំតាំងពីក្មេងមកគឺ ខ្ញុំចង់ក្លាយជាកីឡាករអាជីព និងក្លាយជាគ្រូបង្វឹកបាល់ទាត់ ចំពោះកីឡាករអាជីពខ្ញុំលេងបានរយៈពេល ២ឆ្នាំ និងបានប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា ២លើក ។ មូលហេតុចម្បងដែលខ្ញុំចាប់យកអាជីពជាគ្រូបង្វឹកបាល់ទាត់នោះគឺ កើតចេញមកពីការបាក់ទឹកចិត្ត ក្រោយពីទម្រង់លេងរបស់ខ្ញុំមានការធ្លាក់ចុះខ្លាំង ដែលធ្វើឲ្យខ្ញុំគិតថាមិនអាចទៅមុខទៀតបាន មួយវិញទៀតនោះគឺខ្ញុំស្រលាញ់វិស័យបាល់ទាត់ណាស់ ខ្ញុំចង់ចូលរួមលើកស្ទួយវិស័យបាល់ទាត់កម្ពុជាតាមរយៈចំនេះដឹងបាល់ទាត់ដែលខ្ញុំមាននាពេលកន្លងមក » ។

គ្រូបង្វឹកក្រុមថ្នាលនៃក្រុមភ្នំពេញក្រោនអាយុក្រោម១៦ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ « ខ្ញុំពិតជាអរគុណក្លឹបបាល់ទាត់ភ្នំពេញក្រោនខ្លាំងណាស់ ព្រោះពីដំបូងឡើយមិនមានអ្នកណាគេទទួលយកខ្ញុំនោះទេព្រោះតែកាយសម្បទារបស់ខ្ញុំ ប៉ុន្តែភ្នំពេញក្រោនបានផ្តល់ឱកាសដល់ខ្ញុំមកចូលរួមជាមួយ ទាំងការហ្វឹកហាត់ ការសិក្សា ចំនីអាហារ ពោលគឺអ្វីៗគ្រប់យ៉ាង១០០%លើរូបខ្ញុំតាំងពីឆ្នាំ២០១១ រហូតដល់ពេលបច្ចុប្បន្ននេះ លោកពូម្ចាស់ក្លឹបគាត់មានគុណលើរូបខ្ញុំ ដូច្នេះបើទោះបីជាខ្ញុំមិនអាចចូលរួមជាមួយក្រុមធំបាន ក៏ខ្ញុំចូលរួមតាមរបៀបជាការផ្តល់បទពិសោធន៍នេះផងដែរ » ។

ជាចុងក្រោយកីឡាករដែលមានប្រភពមកពីខេត្តពោធិ៍សាត់បានសំណូមពរទៅកាន់អ្នកដែលស្រលាញ់បាល់ទាត់យ៉ាងដូច្នេះថា៖ « ខ្ញុំសូមឲ្យអ្នកដែលចង់ក្លាយជាកីឡាករអាជីពព្យាយាមបន្ថែមទៀតទាំងក្នុង និងក្រៅទីលាន បញ្ហាទាំងអស់គឺមកពីខ្លួនយើងផ្ទាល់ នៅពេលដែលយើងធ្លាក់ទម្រង់លេងយើងត្រូវតែខិតខំព្យាយាមហ្វឹកហាត់ លួចហាត់បន្ថែមខ្លួនឯង ស្តាប់យោបល់ល្អៗពីគ្រូបង្វឹក ក៏ដូចជាអ្នកនៅជុំវិញខ្លួន ។ ខ្ញុំក៏សូមអរគុណដល់លោកពូសំណាងដែលជាម្ចាស់ក្លឹប គាត់តែងតែយកចិត្តទុកដាក់មកលើរូបខ្ញុំ និងក្មេងៗដែលស្រលាញ់បាល់ទាត់ គាត់ចាត់ទុកពួកខ្ញុំជាគ្រួសាររបស់គាត់ ខ្ញុំសូមជូនពរគាត់ និងគ្រួសារឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យបន្ថែមទៀត » ។

គួររំលឹកផងដែរថា ពិភពទើបតែមានអាយុ២០ឆ្នាំប៉ុណ្ណោះ ហើយរូបគេបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោននៅឆ្នាំ២០១១មកម៉្លេះ ដោយចូលធ្វើការហ្វឹកហាត់ជាមួយក្រុមថ្នាល និងបានបន្តអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតរហូតបានចូលលេងក្រុមឈុតធំ និងមានឱកាសបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ