ជួបជាមួយអ្នកចាំទី ឈិន ឆៃនុត និយាយអំពីជីវិតស្ថិតក្នុងលក្ខខណ្ឌខ្ចីជាមួយក្លឹបថ្មី

June 9, 2020 - 2:22 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ឈិន ឆៃនុត គឺជាកីឡាករតែម្នាក់គត់របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលត្រូវបានខ្ចីទៅចូលរួមជាមួយ សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ បន្ទាប់ពីបានផ្លាស់មកពី ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០១៨។

យ៉ាងណាទោះបីជាកំពុងស្ថិតនៅលក្ខខណ្ឌខ្ចីជាមួយ កងយោធពលខេមរភូមិន្ទ អ្នកចាំទីវ័យ ២២ឆ្នាំរូបនេះបានបង្ហាញក្តីស្រម៉ៃរបស់ខ្លួនថាចង់ក្លាយជាជម្រើសទី១ របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នាថ្ងៃអនាគត។

ឥលូវនេះយើងបានជួបសម្ភាសន៍ ឈិន ឆៃនុត អំពីជីវិតស្ថិតក្នុងលក្ខខណ្ឌខ្ចីជាមួយក្លឹបនៅមិត្តហ្វូនខេមបូឌានលីគ៖

*តើជីវិតក្នុងលក្ខខណ្ឌខ្ចីជាមួយក្លឹបថ្មីយ៉ាងដូចម្តេចដែរ?

១. ជីវិតក្នុងលក្ខខណ្ឌខ្ចីរបស់ខ្ញុំ គឺពិបាកបន្តិច ព្រោះខ្ញុំត្រូវប្រឈមមុខនឹងអ្នកចាំទីឆ្នើមដូចជា អ៊ុំ សេរីរ័ត្ន ហើយវាជាការប្រកួតប្រជែងដ៏ធំសម្រាប់ខ្ញុំ។ ប៉ុន្តែមានរឿងអស្ចារ្យជាច្រើនដែលត្រូវរៀនពីគាត់ និងមានពេលល្អៗជាមួយគាត់។

*តើអ្វីជាការជំរុញលើការសម្រេចចិត្តខ្ចីទៅក្លឹបថ្មី?

ខ្ញុំសម្រេចចិត្តក្នុងការខ្ចី ព្រោះខ្ញុំត្រូវការបរិយាកាសមួយទៀត និងត្រូវការពេលវេលាប្រកួតដើម្បីកំណត់បទពិសោធន៍បន្ថែមទៀត និងត្រៀមខ្លួនខ្ញុំអោយក្លាយជាជម្រើសទី១ នៅភ្នំពេញក្រោន នាពេលអនាគត ឬនៅថ្ងៃណាមួយដែលជាសុបិន្ត។

*ដោយសារតែមិនទាន់បង្ហាញខ្លួនក្នុងការប្រកួតផ្លូវការ តើអ្វីដែលរំពឹងថាទទួលបានពីការខ្ចីនៅទីនោះ?

ចាប់តាំងពីខ្ញុំចូលរួមជាមួយក្លឹប កងយោធពលខេមរភូមិន្ទ ខ្ញុំមិនទាន់មានវត្តមានប្រកួតផ្លូវការណាមួយនៅឡើយទេ។ សម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាវាជាស្ថានភាពលំបាក និងអារម្មណ៍ពិបាកបំផុតសម្រាប់ខ្លួន ប៉ុន្តែដូចដែលខ្ញុំបានដឹងពីស្ថានភាពនេះ ខ្ញុំនៅតែបន្តខិតខំធ្វើវាព្រោះវាជាការងារ ហើយវាមិនមានន័យថារាល់ការខ្ចីទាំងអស់សុទ្ធតែទទួលបានជោគជ័យនោះទេ។

*តើបទពិសោធន៍អ្វីដែលអ្នកទទួលបានពីទីនោះ  ដោយសារនេះគឺជាការប្រកួតប្រជែងថ្មី?

នៅពេលដែលខ្ញុំចូលរួមជាមួយពួកគេមុនរដូវកាល ធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឃើញភាពខុសគ្នាពីអ្វីមួយដែលខ្ញុំធ្លាប់មានពីមុនមក គុណភាពរបស់កីឡាករ និងគុណភាពក្រុមផងដែរ។ ដូច្នេះខ្ញុំគិតថាវាក៏ជាផ្នែកមួយដ៏ល្អសម្រាប់ខ្ញុំដើម្បីរក្សាការរៀនសូត្រ បន្ទាប់ពីបានឃើញភាពខុសគ្នាពីក្លឹបចាស់របស់ខ្ញុំ។

*ដោយសារតែធ្លាប់លេងឲ្យក្លឹបធំៗដូចជា ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងកងយោធពលខេមរភូមិន្ទ ហើយក្រុមទាំងអស់នោះសុទ្ធតែមានអ្នកចាំទីឆ្នើមដូច្នេះតើអ្វីជាការលំបាកក្នុងការប្រជែងយកជម្រើសទី១ ក្នុងក្រុមក្នុងនាមជាអ្នកចាំទីវ័យក្មេង?

ប្រាកដណាស់ខ្ញុំធ្លាប់លេងឱ្យក្រុមធំៗជាច្រើនហើយប្រឈមនឹងកីឡាករដែលមានគុណភាពច្រើនផងដែរ។ រឿងពិបាកបំផុតដែលខ្ញុំប្រឈមមុខ គឺការប្រកួតប្រជែងជាមួយកីឡាករឆ្នើមៗដែលតែងតែជាប់ក្រុមជម្រើសជាតិ ដូច្នេះវាពិតជាពិបាកសម្រាប់ខ្ញុំក្នុងការប្រឈម ព្រោះខ្ញុំអាចមើលឃើញរឿងខុសគ្នាជាច្រើនរវាងខ្ញុំ និងពួកគេ។ ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំពិតជារីករាយដែលបានធ្វើការជាមួយពួកគេ ហើយទទួលយកដំបូន្មានទាំងអស់ពីពួកគេ ពីព្រោះពួកគេតែងតែផ្តល់ឱ្យខ្ញុំនូវការរៀនសូត្រល្អ៕

 

 

 

មតិយោបល់


អត្ថបទផ្សេងៗ