ម៉ៅ សាវីន៖«ខ្ញុំ កីឡាករ​​​​ និងក្រុមការងារទាំងអស់ គឺយើងចង់រក្សាកំណត់ត្រាមិនបរាជ័យរហូតដល់បញ្ចប់លីគ»

November 9, 2020 - 5:00 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រោយឈ្នះក្រុមនារីខេត្តកំពង់ស្ពឺ ដោយលទ្ធផល ១ទល់០ ដែលជាក្រុមស្ថិតកំពូលតារាងពានរង្វាន់លីគនារី រដូវកាល ២០២០ ​​ម៉ៅ សាវីន​​​​​​ ជាគ្រូបង្វឹកក្រុមនារីភ្នំពេញក្រោន​ បានលើកឡើងថាឆន្ទៈរបស់ក្រុម គឺចង់រក្សាកំណត់ត្រាមិនបរាជ័យរហូតដល់បញ្ចប់លីគ។

ក្រុមនារីភ្នំពេញក្រោន មិនទាន់ស្គាល់បរាជ័យក្រោយឆ្លងកាត់ការប្រកួត​ ៦ លើកកន្លងមកដោយឈ្នះ ៤​ និងស្មើ ២​ មាន ១៤ពិន្ទុ។​ ខណៈ ៣​ ប្រកួតចុងក្រោយនឹងត្រូវជួបក្រុមនារី កំពង់ឆ្នាំង, បឹងកេត និងកំពង់ធំ ស្ថិតនៅលំដាប់ថ្នាក់ទាបនៅក្នងចំណាត់ថ្នាក់តារាងលីគ។

𝟲 𝗚𝗮𝗺𝗲𝘀 𝗨𝗻𝗱𝗲𝗳𝗲𝗮𝘁𝗲𝗱 🔥
🅳 🆆 🅳 🆆 🆆 🆆
*
*
#PPCFC
#Smart

Posted by Phnom Penh Crown Women’s Team on Sunday, 8 November 2020

អ្នកគ្រូបង្វឹក ម៉ៅ​ សាវីន បាននិយាយថា៖«សម្រាប់​ ៣ប្រកួតនៅសល់យើងនឹងត្រៀមរៀបចំឲ្យបានល្អបំផុត និងអភិវឌ្ឍន៍ការលេងទៅវគ្គ ៤ ក្រុមចុងក្រោយ»។ ​

«សម្រាប់ខ្ញុំ កីឡាករ​​​​ និងក្រុមការងារទាំងអស់ គឺយើងចង់រក្សាកំណត់ត្រាមិនបរាជ័យរហូតដល់បញ្ចប់លីគ។ មានន័យថាយើងនឹងត្រៀមខ្លួនធ្វើយើងណាឲ្យក្រុម​បង្កើនការលេងបានល្អពីមួយប្រកួតទៅមួយប្រកួត។​ ប៉ុន្តែវាក៏អាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់យើង និងការត្រៀមខ្លួនរបស់យើងបានកម្រិតណា ហើយយើងនឹងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាព»។

«តាមពិតទៅ​ ទាំងគ្រូបង្វឹក​​​​ កីឡាករ​ និងក្រុមការងារទាំងអស់សុទ្ធតែមានឆន្ទះចង់ឈរនៅលេខ ១ នៅពេលបញ្ចប់វគ្គសន្សំពិន្ទុ​ ទោះបី ៣ ប្រកួតក្រោយយើងប៉ះជាមួយក្រុមដែលអាចលេងជាមួយបាន។​ ជាពិសេសក្រុមនារីកំពង់ឆ្នាំង​​ យើងលេងមិនដែលឈ្នះសោះ ហើយយើងនឹងត្រៀមខ្លួនយ៉ាងណាធ្វើឲ្យបានល្អនៅការប្រកួតក្រោយ ស្របពេលកីឡាករមិនសូវបានបង្ហាញខ្លួន យើងនឹងឲ្យពួកគាត់ត្រៀមលក្ខណៈទាំងកាយសម្បទា និងកម្លាំងនៅក្នុងការប្រកួត ៣លើកចុងក្រោយ»។

«សម្រាប់ការឈ្នះក្រុមនារីកំពង់ស្ពឺ ពួកយើងសប្បាយចិត្តមែនទែនជាមួយការទទួលយកនូវលទ្ធផលថ្មីមួយដែលពីមុនមកយើងមិនដែលឈ្នះក្រុមមួយនេះ។ ប៉ុន្តែពួកយើងក៏នៅតែបន្កត្រៀមខ្លួនសម្រាប់ការប្រកួតក្រោយៗ ជាពិសេសគឺការប្រកួតនៅវគ្គ Top 4​ដោយយើងត្រូវធ្វើយ៉ាងម៉េចដើម្បីត្រៀមឲ្យបានល្អសម្រាប់យកជ័យជម្នះ។ ហើយការឈ្នះ កំពង់ស្ពឺ លើកនេះវាមិនមែនជាជំនួបសំខាន់ពេកនោះទេ​ ដោយគ្រាន់តែជាផ្នែកមួយនៃជម្នះក្នុងវគ្គសន្សំពិន្ទុក្នុងលីគ។ អ្វីដែលសំខាន់នោះស្ថិត​នៅ Top 4​ នឹងប្រជែងយកពាន»។

«ជាចុងក្រោយក៏សូមអរគុណដល់អ្នកគាំទ្រមិនថាការគាំទ្រក្រុមបុរស និងនារី ទោះពួកយើងចាញ់ រឺឈ្នះក៏នៅតែបន្តលើកទឹកចិត្តយើងដើម្បីឲ្យមានការប្រឹងប្រែងសម្រាប់ក្លឹប និងអនាគតបាល់ទាត់»។

មតិយោបល់


អត្ថបទផ្សេងៗ