ម៉ៅ សាវីន គ្រូបង្វឹកក្រុមនារីភ្នំពេញក្រោន ដាក់គោលដៅយកចំណាត់ថ្នាក់លេខ ១ ក្នុងវគ្គសន្សំពិន្ទុ

January 18, 2021 - 11:15 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រោយបញ្ចប់ការប្រកួតជាមួយលទ្ធផលដ៏ត្រចះត្រចង់ ក្រុមនារីភ្នំពេញក្រោន ១៣ទល់០ ក្រុមនារីខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃអាទិត្យកន្លងទៅ គ្រូបង្វឹក ម៉ៅ សាវីន បានបញ្ជាក់ថាក្រុមទាំងមូលបានដាក់គោលដៅបញ្ចប់ទៅជាមួយចំណាត់ថ្នាក់លេខ ១ ក្នុងវគ្គសន្សំពិន្ទុ និងគ្រងជើងឯកនៅវគ្គខ្វែង។

ការលើកឡើងនេះបន្ទាប់ពី ក្រុមនារីភ្នំពេញក្រោន ប្រកួតចំនួន ៧ លើកមិនទាន់បរាជ័យ ឈ្នះ ៥ និងស្មើ ២ មាន ១៧ ពិន្ទុ ឈរនៅលេខ ២ តាមពីក្រោយក្រុមកំពូលតារាង ក្រុមនារីខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៏ ត្រឹមតែ ១ ពិន្ទុ ខណៈការប្រកួតចុងក្រោយនឹងត្រូវជួបក្រុមនារីបឹងកេត និងក្រុមនារីខេត្តកំពង់ធំ។

Image may contain: 3 people, people playing sports and outdoor

*ចំណាប់អារម្មណ៍ក្រោយការប្រកួតជាមួយក្រុមនារីខេត្តកំពង់ឆ្នាំង

ខ្ញុំគិតថាអ្វីដែលយើងរៀបចំបានឃើញនៅលទ្ធផលដោយកូនក្រុមធ្វើបានល្អ ទាំងលំហាត់ដែលយើងបានធ្វើជាមួយពួកគាត់ និងការរៀបចំរបស់យើងរយៈពេល ១ សប្តាហ៍មុនការប្រកួត ដោយឃើញថាកីឡាការនីក្នុងក្រុមទាំងមូលធ្វើតាមយើង និងទទួលបានលទ្ធផលតាមអ្វីដែលយើងបានរៀបចំ។

*អំឡុងពេលសម្រាកដោយសារបញ្ហាការរាតត្បាតជំងឺកូវីត ១៩ ជះឥទ្ធិពលយ៉ាងណាដល់ក្រុម

វាប៉ះពាល់បន្តិតបន្តួចដោយសារក្រុមមិនបានហ្វឹកហាត់ជុំគ្នា និងបែងចែកក្រុមធ្វើការហ្វឹកហាត់តាមវេនផ្សេងគ្នា។ ជាពិសេសយើងបានព្យាយាមដាក់លំហាត់ឲ្យហ្វឹកហាត់នៅផ្ទះខ្លួនឯង ប៉ុន្តែអ្វីជាបញ្ហាអំឡុងកូវីត ១៩ គឺយើងពិបាកក្នុងការប្រមូលផ្តុំ ប៉ុន្តែនៅពេលក្រសួងសុខាភិបាល អនុញ្ញាតឲ្យមានការប្រមូលផ្តុំឡើងវិញពួកយើងបានហ្វឹកហាត់ធម្មតា។

*ការត្រៀមសម្រាប់ជំនួប ២ ប្រកួតចុងក្រោយ

ការប៉ះជាមួយក្រុមនារីបឹងកេត និងក្រុមនារីកំពង់ធំ គឺយើងបានត្រៀមខ្លួនរួចរាល់ ប៉ុន្តែមិនមែនត្រឹម ២ ប្រកួតនេះទេ គឺទាំង ៣ ប្រកួតចុងក្រោយ(ជាមួយក្រុមនារីខេត្តកំពង់ឆ្នាំង) យើងបានត្រៀមរួចជាស្រេចសម្រាប់ការប្រកួត។

*គោលដៅសម្រាប់ចំណាត់ថ្នាក់ក្នុងវគ្គសន្សំពិន្ទុ

ក្រុមរបស់យើងគឺចង់បានលេខ ១។ ពួកយើងចង់ឈរនៅកំពូលតារាង នេះគឺជាក្តីរំពឹងរបស់ក្រុមទាំងមូល និងមួយទៀតគឺយើងចង់គ្រងជើងឯក ប៉ុន្តែវាអាស្រ័យទៅលើការរៀបចំរបស់យើង ហើយកីឡាការនីបានត្រៀមខ្លួន បានហ្វឹកហាត់ល្អត្រឹមកម្រិតណា និងធ្វើទៅតាមលទ្ធផលដែលយើងមានពីមួយប្រកួតទៅមួយប្រកួត។

*ក្តីរំពឹងរក្សាខ្លួននៅ Top 4 និងរូបមន្តការប្រកួតថ្មីនេះ

ខ្ញុំគិតថារូបមន្តនេះល្អដើម្បីទាមទារឲ្យក្រុមលេង ១០០ ភាគរយដើម្បីដណ្តើមពិន្ទុគ្នា មានន័យថាគ្រប់ការប្រកួតទាំងអស់ គឺសំខាន់ ប៉ុន្តែបើសិនរូបមន្តដូចកាលពីឆ្នាំមុននៅពេលជួបក្រុមខ្សោយតែងតែទម្លាក់ទម្រង់លេងអត់ខ្វល់ ប៉ុន្តែឥលូវក្រុមនីមួយៗត្រូវការពិន្ទុជាចាំបាច់ដើម្បីឡើងទៅ Top 4៕

មតិយោបល់


អត្ថបទផ្សេងៗ