ម៉ៅ សាវីន៖ « ក្រុមនារីភ្នំពេញក្រោននៅមានភាពខ្វះខាតខ្លាំង ក្រោយរងបរាជ័យក្នុងពានរង្វាន់នារីឆ្នាំ២០១៨-២០១៩ »

April 9, 2019 - 10:52 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតបាល់ទាត់ជម្រើសជើងឯកនារីកម្រិត ១ ឆ្នាំ២០១៨-២០១៩ បានបញ្ចប់ទៅដោយក្រុមនារីភ្នំពេញក្រោនបានឈានត្រឹមវគ្គ៦ក្រុមចុងក្រោយប៉ុណ្ណោះ ហើយចំពោះក្រុមនារីដែលបានទទួលពានរង្វាន់នេះគឺក្រុមនារីមកពីខេត្តស្វាយរៀង ។ ឆ្លងកាត់ការប្រកួតជាង៤ខែកន្លងមកអ្នកគ្រូ ម៉ៅ សាវីន ដែលជាគ្រូបង្វឹកក្រុមនារីបានលើកឡើងនូវមតិមួយចំនួនជុំវិញភាពរីកចំរើន ក៏ដូចជាចំនុចដែលកូនក្រុមត្រូវពង្រឹងបន្ថែមយ៉ាងដូច្នេះថា៖ « ក្រោយពីចប់ការប្រកួតពានរង្វាន់នារីឆ្នាំ២០១៨-២០១៩នេះ ពួកយើងមានភាពរីកចំរើនត្រឹមតែ៥០%ប៉ុណ្ណោះ ពិសេសគឺការយល់ពីទម្រង់លេង និងការការពារជាដើម  ហើយអ្វីដែលយើងខ្វះខាតខ្លាំងនោះគឺនៅតំបន់ប្រយុទ្ធ ដោយយើងធ្វើមិនបានល្អសោះ ពោលគឺតាមរយះការប្រកួតកន្លងមកយើងរកគ្រាប់បានតែ១៦គ្រាប់ប៉ុណ្ណោះ » ។

អ្នកគ្រូក៏បានបន្ថែមពីផលវិបាកមួយចំនួនក្នុងការដឹកនាំក្រុមថា៖ « ក្រុមរបស់យើងពិបាកបន្តិចក្នុងការប្រមូលផ្តុំគ្នាហ្វឹកហាត់ព្រោះពួកគាត់ម្នាក់ៗមានការរវល់ច្រើនលើការសិក្សា និងអ្នកខ្លះទៀតគាត់មានមុខរបរផ្សេងៗរបស់ខ្លួន ដូច្នេះយើងមិនសូវមានពេលក្នុងការហ្វឹកហាត់ជុំគ្នានោះទេ ។ ដើម្បីឲ្យក្រុមនារីមានភាពរីកចំរើនជាងនេះទៀតនោះគឺ ខ្ញុំចង់ឲ្យពួកគាត់ចំនាយពេល២ម៉ោងមកធ្វើការហ្វឹកហាត់បានជុំគ្នា ហើយព្យាយាមប្រឹងប្រែងលើសពីអ្វីដែលពួកគាត់បានធ្វើនាពេលកន្លងមក ទាំងការលេងបាល់ទាត់ និងការសិក្សាខាងក្រៅ » ។

សូមបញ្ជាក់ថាក្រោយប្រកួតចប់ក្នុងការប្រកួតនៃពានរង្វាន់នារីកម្រិត ១ ឆ្នាំ២០១៨-២០១៩ រួចមកក្រុមនារីភ្នំពេញក្រោនក៏មានបេសកកម្មថ្មីមួយទៀត ដោយត្រូវចូលរួមលេងក្នុងពានរង្វាន់ Smart Youth League 2019 ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ