អ្នកគ្រូបង្វឹក ម៉ៅ សាវីន និយាយអំពីការដឹកនាំក្រុមបាល់ទាត់នារីភ្នំពេញក្រោន ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង

December 22, 2019 - 12:01 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបក្រោមការដឹកនាំរបស់អ្នកគ្រូបង្វឹក ម៉ៅ សាវីន។

រឿងរ៉ាវនេះកើតឡើងបន្ទាប់ពីក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៩(Women’s Football Tournament 2019)។

ជាមួយគ្នានោះដែរ ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងត្រូវជួប ក្រុមបាល់ទាត់នារីខេត្តស្វាយរៀង នៅថ្ងៃទី ២៣ ខែ​ ធ្នូ វេលាម៉ោង៣រសៀល នៅលើទីលាន នៃមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី។

ស្របគ្នា អ្នគ្រូបង្វឹក ម៉ៅ សាវីន បានបង្ហាញពីអារម្មណ៍ចិត្តយ៉ាងក្រៃលែង និងបង្ហើបអំពីយុទ្ធសាស្ត្រអាចដឹកនាំក្រុមឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង។

«សម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែន និងការខិតខំប្រឹងប្រែងរបស់ពួកគាត់ បន្ទាប់ក្រុមបាល់ទាត់នារីបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប»។

«យើងបានលើកទឹកចិត្តកីឡាការនីយើងទោះបីជាប៉ះក្រុមណាក៏ដោយ គឺយើងបានលើកទឹកចិត្តឲ្យពួកគាត់ខំប្រឹង និងលេងជាមួយគ្នា និងការធ្វើការជាក្រុមដោយយើងបាននិយាយជាមួយគាត់ច្រើន។ ជាពិសេសសូមអរគុណដល់គ្រប់គ្នានៃក្លិប ភ្នំពេញក្រោន ធ្វើការលើកទឹកចិត្តតាមរយៈវីដេអូ និងជាហេតុផលជុំវិញក្រុមបាល់ទាត់នារីបន្ថែមរហូតឡើងដល់វគ្គផ្តាច់ព្រ័ត្រ»។

«សម្រាប់ការរៀបចំក្រុមនៅវគ្គផ្តាច់ព្រ័ត្រ យើងបានត្រៀមលក្ខណៈរួចរាល់ហើយទាំងកីឡាករ និងគ្រូបង្វឹក បូករួមការសម្រាកផ្សេងៗ»។

«អ្វីដែលយើងគ្រោងនឹងកែតម្រូវសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺកំហុសសម្រាប់តួនាទីការពារ និងប្រយុទ្ធ ដោយបានត្រៀមរៀនចំជាមួយក្រុមការងារទាំងអស់»។

«សម្រាប់ក្រុមស្វាយរៀង គឺយើងមើលការប្រកួតរបស់គេខ្លះដោយសារពួកគេជាក្រុមជើងឯកចាស់។ ដូច្នេះយើងមិនអាចវាយតម្លៃថាយើងនឹងលេងស្រួលពេកជាមួយគេ ប៉ុន្តែក្នុងនាមជាក្រុមយើងនឹងត្រៀមខ្លួនឲ្យបានល្អ និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព»។

«ជាចុងក្រោយ ខ្ញុំសូមអរគុណដល់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានផ្តល់ឱកាសដល់ក្រុមបាល់ទាត់នារីបង្ហាញសមត្ថភាពនៅលើទីលាន។ បន្ថែមពីនេះទៀតក៏សូមអរគុណដល់អ្នកគាំទ្រក្រុមបាល់ទាត់នារីភ្នំពេញក្រោន ដែលបានផ្តល់កម្លាំងចិត្តដល់យើង»៕

មតិយោបល់


អត្ថបទផ្សេងៗ